Social Icons

បញ្ហា​សុខ​ភាព​មួយ​ទៀត​នៃ​ការ​គេង​មិន​គ្រប់​គ្រាន់!

អ្នក​ដែល​ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង ពេល​ម៉ោង​គេង

ប្រិយមិត្ត ​ធ្លាប់​បាន​ដឹង​ពី​គុណ​វិបត្តនៃ​ការ​គេង​មិន​គ្រប់គ្រាន់​ជា​ច្រើន​មក​ហើយ ប៉ុន្ដែ​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​។ ការ​ស្រាវជ្រាវ​ថ្មីមួយ​​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់​គ្រាន់​ ឬ​គេង​មិនត្រូវ​ពេល នឹង​បណ្ដាល​ឲ្យ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោមផ្អែម​ និង​ធាត់​លើស​ទម្ងន់​ កើន​ឡើង​។ ក្រុមអ្នកស្រាវ​ជ្រាវ​មក​ពី​ Brigham and Women's Hospital បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​បញ្ហា​នេះ​រយៈ​ពេល​៦សប្ដាហ៍ ដោយ​ត្រួត​ពិនិត្យ​លើ​រយៈ​ពេល​នៃ​ការ​គេង​ ក៏​ដូច​ជា​ពេល​ដែល​ចូល​គេង រួម​និង​កត្តា​ផ្សេង​ទៀត ដូច​ជា សកម្មភាព​ប្រចាំ​ថ្ងៃ និង​របប​អាហារ​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​គេង​មិន​គ្រប់​គ្រាន់ ឬ​ចូល​គេង​មិនត្រូវ​ពេល (ធ្វើ​ការ​ពេល​យប់ គេង​ពេល​ថ្ងៃ) បាន​កើន​ទម្ងន់​ និង​កើន​នូវ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បែប​នេះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា ការ​ថយ​ចុះ​នូវ​អត្រា​មេតាបូលិច នឹង​បណ្ដាល​ឲ្យ​កើនទម្ងន់ ខណៈ​ដែល​ការ​កើនឡើង​នូវ​គ្លុយ​កូស​ និង​ការ​មាន​អ៊ីន​សូលីន​ខ្សោយ នឹង​អាច​នាំ​ឲ្យ​កើត​ទឹក​នោម​ផ្អែម​។
លោក Orfeu Buxton ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​នេះ គឺ​ស្រប​ទៅ​នឹង​ការ​សិក្សា​ផ្សេង​ៗ​ទៀត​ដែរ ពោល​គឺ​អ្នក​ដែល​ធ្វើ​ការ​ពេល​យប់ ហើយ​គេង​ពេល​ថ្ងៃ នឹង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​អ្នក​ដែល​គេង​តាម​ម៉ោង​ធម្មតា។ ​
លោក Buxton បាន​បន្ថែម​ទៀត​ថា ភស្ដុតាងដែល​បាន​ពី​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់ហើយ​ថា ការ​គេង​គ្រប់​គ្រាន់​គឺ​ពិត​ជា​សំខាន់​ណាស់​ចំពោះ​សុខ​ភាព​ ដូច្នេះ​យើង​មិន​គួរ​មើលរំលង​នោះ​ទេ​។
ប្រភព៖ Xinhua, Huff Post