ផ្កាយNoVeLs*–
ខ្ញុំធ្លាប់ឮអ្នកនិពន្ធដូចគ្នាសួរថា
ចូលចិត្តស្តាប់ចម្រៀងអ្វីពេលកំពុងសរសេររឿង? សំណួរនេះធ្វើឲ្យខ្ញុំដឹងថា
អ្នកនិពន្ធខ្លះ ចូលចិត្តស្តាប់ចម្រៀងពេលកំពុងសរសេររឿង
ព្រោះធ្វើឲ្យអារម្មណ៍ដែលកំពុងតានតឹងប្រែជាធូរស្បើយ
និងមានគំនិតភ្លឺថ្លាក្នុងការសរសេររឿងបន្ត។ តែអ្នកនិពន្ធខ្លះប្រាប់ថា
មិនចូលចិត្តស្តាប់ចម្រៀងទេពេលកំពុងសរសេររឿង ព្រោះធ្វើឲ្យខូចសមាធិ
និងពេលខ្លះនាំឲ្យឆាប់ងងុយដេកទៀតផង។ម្នាក់ៗ សុទ្ធតែមានហេតុផលដែលត្រឹមត្រូវដូចគ្នា។ ជាការពិតណាស់ ភាពស្ងប់ស្ងាត់បង្កឲ្យមានសមាធិក្នុងការសរសេររឿងកាន់តែខ្លាំងឡើង។ តែខ្ញុំក៏ជឿថា ការស្តាប់ចម្រៀងក៏ជាការលំហែខួរក្បាលម្យ៉ាងដែលជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងប្រសើរដែរ ប្រសិនបើស្តាប់យ៉ាងត្រឹមត្រូវ តាមវិធីដែលខ្ញុំណែនាំនេះ។
១. ជ្រើសរើសស្តាប់ចម្រៀងដែលមានចង្វាក់ស្រាលស្រទន់ស្តាប់សប្បាយៗស្រួលត្រចៀក
បទចម្រៀងដែលគួរជ្រើសរើសយកមកស្តាប់ក្នុងពេលសរសេររឿងគួរតែជាបទដែលមានចង្វាក់ស្រាលៗ ស្តាប់សប្បាយៗ មិនថ្លង់ត្រចៀក ដូចជា៖ ចង្វាក់ Pop, Jazz, Classic, ឬចម្រៀងប្រភេទ Easy Listening ព្រោះចង្វាក់ភ្លេងប្រភេទនេះជួយកន្ត្រាក់ខួរក្បាលឲ្យធ្វើការកាន់តែល្អប្រសើរឡើង ធ្វើឲ្យកើតគំនិតច្នៃប្រឌិតថ្មី ក្នុងខណៈដែលចម្រៀង Rock មានចង្វាក់ធ្ងន់ៗ អាចធ្វើឲ្យខួរក្បាលកាន់តែកើតភាពតានតឹងឡើងៗដោយមិនដឹងខ្លួនបាន។
២. បើកស្តាប់តិចៗ
ការបើកចម្រៀងស្តាប់ខ្លាំងពេក ក្រៅពីធ្វើឲ្យខូចសមាធិហើយ នៅបង្កការរំខានដល់អ្នកដទៃទៀត។ ដូច្នេះយើងគួរបើកចម្រៀងស្តាប់តិចៗ
ក្នុងកម្រិតដែលល្មមអាចស្តាប់បាន ពីរោះត្រចៀក ឬបើកក្នុងកម្រិត ពីរភាគបីនៃកម្រិតសំឡេង ដែលយើងស្តាប់ក្នុងពេលធម្មតា។៣. ស្តាប់ចម្រៀងអន្តរជាតិ ឬបទភ្លេងសុទ្ធ
ត្រង់ចំណុចនេះ មិនមែនបានន័យថា ចម្រៀងខ្មែរមិនពីរោះជាងចម្រៀងបរទេសនោះទេ តែខ្ញុំចង់បានសេចក្តីថា ឲ្យស្តាប់ចម្រៀងបរទេស ឆ្លាស់គ្នាជាមួយចម្រៀងខ្មែរផង។ ធ្លាប់សង្កេតឬទេថា ការស្តាប់ចម្រៀងខ្មែរដែលមានទំនុកច្រៀងជាភាសាខ្មែរ សមាធិរបស់យើង ច្រើនតែផ្តោតទៅលើអត្ថន័យរបស់បទចម្រៀងនោះដោយមិនដឹងខ្លួន ធ្វើឲ្យខូចសមាធិក្នុងការសរសេររឿង ក្នុងខណៈដែលចម្រៀងអន្តរជាតិ ដែលមានទំនុកជាភាសាបរទេស រួមនឹងបទចម្រៀងដែលមានតែបទភ្លេងសុទ្ធ គ្មានទំនុក ត្រចៀកយើងនឹងជ្រួតជ្រាបតែចង្វាក់ភ្លេងធម្មតា សមាធិយើង ក៏មិនផ្តោតសំខាន់ទៅលើបទចម្រៀងទាំងនោះជាធំដែរ។
៤. ស្តាប់ចម្រៀងដែលត្រូវនឹងអារម្មណ៍ក្នុងរឿងដែលកំពុងសរសេរ
ការជ្រើសរើសបទចម្រៀង ដែលសមស្របនឹងបរិយាកាសនៅក្នុងសាច់រឿងយកមកស្តាប់ ក៏ជាការប្រសើរដែរ ព្រោះវានឹងធ្វើឲ្យយើងដាក់អារម្មណ៍បានល្អ និងស៊ីជម្រៅទៅនឹងសាច់រឿងដែលកំពុងសរសេរនោះ ដូចជា៖ បើកំពុងសរសេររឿងត្រង់វគ្គ រំភើបរំជើបរំជួលចិត្ត គឺគួរស្តាប់បទចម្រៀងណាដែលទាក់ទងនឹងរឿងរ៉ាវស្នេហាផ្អែមល្ហែម រ៉ូមែនទិក ចៀសវាងស្តាប់ចម្រៀងសោកសៅ និរាសព្រាត់ប្រាសគ្នា ឬបើសរសេរដល់វគ្គ ដែលត្រូវពណ៌នាពីបន្ទប់ធំទូលាយមួយ ដែលប្រដាប់ដោយគ្រឿងសង្ហារឹមប្រណីតៗ ក៏គួរតែស្តាប់បទ Jazz, Orchestra, ជំនួសការស្តាប់ចម្រៀងប្រភេទ Heavy Metal ជាដើម។ ចំពោះចម្រៀងប្រភេទ Heavy Metal គួរស្តាប់ក្នុងពេលសរសេរដល់ឆាក វាយតប់ប្រយុទ្ធគ្នា ឬធ្វើសង្គ្រាមទើបជាការប្រសើរ។
យ៉ាងម៉េចដែរ ក្រោយពីការអានសេចក្តីណែនាំខាងលើនេះ? អ្នកនិពន្ធមានវិធីស្តាប់ចម្រៀងបែបនេះ ចុះប្រិយមិត្តអ្នកអានវិញ ចូលចិត្តស្តាប់ចម្រៀងប្រភេទណាខ្លះ???