បុព្វកថា
ជីវិតរបស់ខ្ញុំត្រូវបានកែប្រែតាំងពីខ្ញុំមានអាយុ ១៧ ឆ្នាំមកម្លេះ។
ខ្ញុំជឿថាមានមនុស្សជាច្រើននឹងចង់ដឹងថា តើមកពីមូលហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ។ ពួកគេនឹងសម្លឹងមើលមកខ្ញុំប្រកបដោយក្តីចម្លែកចិត្ត និងចង់ដឹងថាតើមានរឿងអ្វីខ្លះដែលបានកើតឡើងនៅពេលដែលខ្ញុំមាន អាយុ ១៧ ឆ្នាំនោះ ហើយហេតុដូចម្តេចបានជាខ្ញុំមិននិយាយបា្រប់ឲ្យពួកគេដឹងពីរឿង នោះផងទៅ។ ក៏ប៉ុន្តែ ដោយហេតុថាខ្ញុំរស់នៅទីនេះស្ទើរតែមួយជីវិតរបស់ខ្ញុំទៅហើយ ដូចនេះខ្ញុំជាអ្នកស្រុកនេះ ហើយគ្មានអ្នកណាម្នាក់អាចមកបង្ខំខ្ញុំឲ្យនិយាយរឿងអតីតកាលរបស់ ខ្ញុំបានឡើយ គឺមានតែខ្ញុំខ្លួនឯងគត់ដែលត្រូវសម្រេចចិត្តថាតើត្រូវនិយាយឬ មិនត្រូវនិយាយនោះ។ ហើយបើខ្ញុំលើកយករឿងអតីតកាលរបស់ខ្ញុំមកនិយាយ ខ្ញុំនឹងត្រូវការពេលយ៉ាងយូរដើម្បីនិយាយរៀបរាប់ពីរឿងទាំងអស់នោះ គឺហួសពីការគិតស្មានរបស់អ្នកផងទាំងពួង។ ព្រោះរឿងរបស់ខ្ញុំមិនអាចសង្ខេបមកឲ្យនៅតែពីរឬបីឃ្លាបាននោះ ទេ ហើយវាក៏មិនអាចសម្រួលឲ្យទៅជារឿងស្រួលស្តាប់និងស្រួលយល់បាន ដោយងាយនោះដែរ។ ទោះបីជារយៈពេលកន្លងទៅអស់កាល ៤០ ឆ្នាំហើយក្តី ក៏មានជនមួយចំនួនដែលធ្លាប់ស្គាល់ខ្ញុំ ចាត់ទុកថាប្រការដែលខ្ញុំមិនចង់លើកយករឿងពីអតីតរបស់ខ្ញុំមក និយាយ គឺជាការត្រឹមត្រូវ។ មួយវិញទៀត រឿងរបស់ខ្ញុំត្រូវបានអ្នកស្រុកនៅទីនេះបានដឹងគ្រប់ៗគ្នា ហើយនៅពេលដែលពួកគេគិតដល់រឿងនោះ ពួកគេក៏មានអារម្មណ៍ដូចខ្ញុំដែរ បានន័យថារឿងនេះស្ទើរតែក្លាយទៅជារឿងរបស់របស់ពួកគេដែរទៅហើយ ។ ក៏ប៉ុន្តែ គឺមានតែខ្ញុំម្នាក់ឯងគត់ដែលដឹងរឿងរបស់ខ្ញុំច្បាស់ជាងគេ និងទទួលអារម្មណ៍ខ្លាំងជាងគេ នៅពេលដែលគិតទៅដល់រឿងនោះ។
បច្ចុប្បន្ននេះ ខ្ញុំមានអាយុ ៥៧ ឆ្នាំហើយ ក៏ប៉ុន្តែខ្ញុំនៅចាំយ៉ាងច្បាស់ណាស់នូវរឿងរ៉ាវទាំងឡាយដែលបានកើត មានឡើងនៅក្នុងកំឡុងពេលដែលខ្ញុំមានអាយុ ១៧ ឆ្នាំ។ ហើយជាញឹកញយ ខ្ញុំតែងយល់ថា រឿងទាំងអស់នោះហាក់ដូចជានៅថ្មីៗនៅឡើយ និងនៅដក់ជាប់នៅក្នុងវិញ្ញាណរបស់ខ្ញុំជានិច្ច។ ម៉្យាងទៀត នៅពេលដែលខ្ញុំនឹកឃើញដល់រឿងទាំងនោះ ខ្ញុំតែងតែទទួលអារម្មណ៍សោកសៅលាយឡំនឹងក្តីអំណរនិងសុភមង្គល ដែលមិនអាចប៉ាន់ស្មានបាន។ ហើយមានពេលខ្លះ ខ្ញុំនឹកចង់ទាញពេលវេលាឲ្យដើរថយក្រោយ និងនឹកចង់បំបាត់ឲ្យអស់នូវក្តីទុក្ខសោកទាំងឡាយ ដែលមាននៅក្នុងជិវិតរបស់ខ្ញុំកន្លងមកនោះ។ ក៏ប៉ុន្តែ បើខ្ញុំអាចធ្វើដូច្នោះបានមែន ខ្ញុំយល់ថា ក្តីអំណរដែលនៅលាយឡំជាមួយនឹងក្តីទុក្ខសោយទាំងនោះនឹងត្រូវរលាយ បាត់ទៅអស់ដែរ។ ដូច្នេះ បើខ្ញុំចង់រក្សាទុកនូវអនុស្សាវរីយ៍ទាំងអស់នោះ ខ្ញុំត្រូវតែរស់ក្នុងក្តីទុក្ខព្រួយ ក្តីអំណរ ក្តីសង្ឍឹម ដែលនៅលាយឡំគ្នា និងដែលកំពុងតែដឹកនាំជីវិតរបស់ខ្ញុំឆ្ពោះទៅរកទិសដៅណាមួយ។
នៅថ្ងៃទី ១២ ខែ មេសា មុន សហវត្សរ៍ (millennium) មួយឆ្នាំ នៅពេលចេញពីផ្ទះ ខ្ញុំបានគយគន់មើលទេសភាពនៅជុំវិញខ្លួន។ នៅពេលនោះ មេឃមានពពកខ្មៅមីដេរដាស តែនៅតាមដងវិថីនានា មានផ្កា dogwoods ផ្កា azaleas រីកស្គុសស្គាយ។ ខ្ញុំត្រូវបិទរូតអាវរងាររបស់ខ្ញុំ ព្រោះអាកាសនៅត្រជាក់នៅឡើយ ដោយសាររដូវរងាមិនទាន់បញ្ចប់នៅឡើយទេ គឺនៅសល់ប្រហែលជាពីរឬបីអាទិត្យទៀត។ ហើយនៅពេលដែលរដូវរងាបញ្ចប់ទៅ ទេសភាពនៅរដ្ឋ North Carolina នឹងរីកស្រស់ត្រកាលគួរឲ្យគយគន់ នៅពេលនោះ រដ្ឋ North Carolina នឹងក្លាយទៅជាដែនដីមួយនៅក្នុងចំណោមដែនដីដ៏ល្អស្រស់លើសគេនៅ ក្នុងលោកនេះ។
មួយរំពេចនោះ ខ្ញុំមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងនៅក្នុងអតីតកាលកំពុងតែ ត្រឡប់មករកខ្ញុំវិញ។ ខ្ញុំបិទភ្នែករបស់ខ្ញុំទាំងពីរ ថ្ងៃខែឆ្នាំចាប់ផ្តើមដើរថយក្រោយ ដូចជាទ្រនិចនាឡិកាវិលថយក្រោយ។ ហើយហាក់ដូចជាស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ខ្ញុំមើលឃើញខ្លួនខ្ញុំកំពុងតែក្មេងទៅៗ ខ្ញុំមើលឃើញសក់របស់ខ្ញុំប្រែពណ៌ពីសទៅជាពណ៌ត្នោត ខ្ញុំមានអារម្មណ៍ថាស្បែកជ្រីវជ្រួញនៅជុំវិញភ្នែករបស់ខ្ញុំ ឡើងតឹងឡើងវិញ ដៃនិងជើងរបស់ខ្ញុំចាប់ផ្តើមរឹងប៉ឹងឡើងវិញ។ ចំណេះដឹងទាំងប៉ុន្មានដែលខ្ញុំបានរៀនឆ្លងកាត់អាយុកាលកន្លងមក ក្លាយជាស្រពិចស្រពិលទៅៗ និងភាពក្មេងស្អាតស្អំក៏បានវិលត្រឡប់មករកខ្ញុំវិញ ដូចដែលនៅសម័យកាលដែលខ្ញុំមានអាយុ ១៧ ឆ្នាំ។
ដូចជារូបខ្ញុំដែរ ពិភពនៅជុំវិញខ្លួនខ្ញុំចាប់ផ្តើមផ្លាស់ប្តួររូបរាងរបស់វាៈ ផ្លូវថ្នល់ក្លាយជាតូចចង្អៀត និងត្រូវក្រាលថ្មដា អាគារធំៗត្រូវជំនួសដោយកសិដ្ឋាន មនុស្សប្រុសត្រូវពាក់មួក មនុស្សស្រីស្លៀកពាក់ខោអាវវែងៗ។ នៅសាលាស្រុក សម្លេងជួងបានបន្លឺឡើង…
នៅពេលដែលខ្ញុំបើកភ្នែកឡើងវិញ ខ្ញុំឃើញខ្លួនខ្ញុំកំពុងតែឈរនៅខាងក្រៅព្រះវិហារ Baptist church ខ្ញុំសម្លឹងទៅដំបូលព្រះវិហារ ពេលនោះខ្ញុំនឹកឃើញថាខ្ញុំជាអ្នកណាហើយ។ ឈ្មោះរបស់ខ្ញុំគឺ Landon Carter និងជាយុវជនមានអាយុ ១៧ ឆ្នាំ។
តទៅទៀតនេះ គឺជារឿងរ៉ាវរបស់ខ្ញុំ ហើយខ្ញុំសន្យាថានឹងមិនរំលងកន្លែងណាមួយទេ។
មុនដំបូងអ្នកនឹងសើចសប្បាយ ហើយបន្ទាប់មកទៀត អ្នកនឹងស្រក់ទឹកភ្នែក។ នេះគ្រាន់ជាការជម្រាបអ្នកឲ្យបានដឹងមុន។
Jamie
ជំពូក ១
នៅឆ្នាំ ១៩៥៨ ស្រុក Beaufort គឺជាស្រុកមួយស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រក្បែរទីក្រុង Morehead City ។ Beaufort នៅសម័យនោះ គឺជាទីកន្លែងមួយដែលមានលក្ខណៈដូចជាទីក្រុងតូចៗដទៃទៀតនៅប៉ែក ខាងត្បូងដែរ។ វាគឺជាទីកន្លែងមួយដែលមានអាកាសធាតុក្តៅហើយសើមនៅរដូវក្តៅ ដែលអាចធ្វើឲ្យយើងហូរញើសជោកដូចទឹក បើសិនជាយើងសាកល្បងដើរទាំងកណ្តាលថ្ងៃត្រង់នៅក្នុងតំបន់នោះ។ ម៉្យាងទៀត ចាប់ពីខែ មេសា ទៅទល់នឹងខែ តុលា គេច្រើនឃើញកុមារទាំងឡាយរត់លេងប្រលែងគ្នា ដោយជើងទទេ នៅក្បែរដើម oak និងយកដើម Spanish moss មកស្លៀករុំខ្លួនរត់លេងយ៉ាងសប្បាយរីករាយក្រៃលែង។ ជាទូទៅ អ្នកស្រុក Beaufort គ្រប់រូបតែងតែលើកដៃបក់ជាសញ្ញាស្វាគមន៍ពីក្នុងរថយន្តរបស់គេ នៅពេលដែលគេឃើញមនុស្សម្នាទាំងឡាយដើរតាមដងវិថីនានា ទោះបីជាគេស្គាល់ឬមិនស្គាល់អ្នកដំណើរទាំងនោះក៏ដោយ។ មួយវិញទៀត ខ្យល់អាកាសនៅស្រុក Beaufort បក់នាំមកនូវក្លិនដើមស្រល់ ក្លិនអំបិល និងក្លិនទឹកសមុទ្រ ដែលជាក្លិនពិសេសដាច់ដោយឡែកប្រចាំរដ្ឋ Carolina ។ ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងស្រុកនោះ និយមប្រកបរបរនេសាទត្រីនៅក្នុងឆកសមុទ្រ Pamlico Sound ឬក៏រកក្តាមនៅក្នុងទន្លេ Neuse River ។ ផ្ទុយទៅវិញ នៅក្នុងស្រុកនោះទាំងមូល មានទូរទស្សន៍តែបីប៉ុស្តិ៍ប៉ុណ្ណោះ ដូចនេះ បានន័យថាអ្នកស្រុក Beaufort មិនសូវចូលចិត្តមើលទូរទស្សន៍ប៉ុន្មានទេ។ ក៏ប៉ុន្តែ អ្នកស្រុក Beaufort មានជំនឿសាសនាយ៉ាងមុតមាំជាទីបំផុត ព្រោះអីនៅក្នុងស្រុកនោះតែមួយ មានវិហារសាសនារហូតដល់ទៅ ១៨ ឯណោះ។ ព្រះវិហារសាសនាទាំងនោះមានឈ្មោះខុសៗគ្នា ដូចជា៖ Fellowship Hall Christian Church, Church of Forgiven People, Church of Sunday Atonement និងព្រះវិហារសាសនា Baptist ជាច្រើនទៀត។ កាលពីខ្ញុំនៅតូច គឺព្រះវិហារសាសនា Baptist ដែលមានប្រជាប្រិយភាពជាងគេនៅក្នុងចំណោមព្រះវិហារសាសនាទាំងអស់ ប្រការនេះបានធ្វើឲ្យព្រះវិហារសាសនា Baptist ជាច្រើនត្រូវបានសង់នៅស្ទើរតែគ្រប់ផ្លូវកែងទាំងអស់នៅក្នុង ស្រុក Beaufort ។ ព្រះវិហារសាសនា Baptist ត្រូវបានចែកចេញជាច្រើននិកាយតទៅទៀត មានដូចជា៖ Freewill Baptist, Southern Baptist, Congregational Baptist, Missionary Baptist, Independent Baptist…ជាដើម។ល។ និង ។ល។
នៅសម័យនោះ ពិធីបុណ្យដ៏ធំជាងគេប្រចាំឆ្នាំ គឺជាពិធីបុណ្យដែលត្រូវបានរៀបចំឡើងដោយព្រះវិហារសាសនា Baptist មួយដែលស្ថិតនៅកណ្តាលទីក្រុង ដោយរួមសហការជាមួយនឹងសាលារៀនមួយទៀតដែលស្ថិតនៅក្នុងតំបន់ជាមួយ គ្នានោះដែរ។ ហើយជារៀងរាល់ឆ្នាំ ដើម្បីប្រារព្វពីធីបុណ្យនោះ គេតែងតែសម្តែងទស្សនីយភាពផ្សេងៗនៅក្នុងរោងល្ខោនឈ្មោះ Beaufort Playhouse ។ ទស្សនីយភាពដែលត្រូវយកទៅសម្តែងនៅក្នុងរោងល្ខោននោះ គឺជារឿងល្ខោនដែលត្រូវបាននិពន្ធឡើងដោយលោកអាចារ្យ Hegbert Sullivan ដែលបានបួសធ្វើជាអាចារ្យតាំងពីសម័យកាលមុនគ្រឹស្តសករាជមកម្លេះ។ បើមិនដល់ថ្នាក់មុនគ្រឹស្តសករាជ ក៏យើងអាចនិយាយបានថាគាត់ធ្វើជាអាចារ្យប្រចាំព្រះវិហារ Baptist នោះ តាំងពីយូរណាស់មកហើយដែរ ព្រោះឥឡូវនេះ ស្បែកគាត់ឡើងជ្រីងជ្រួញអស់ហើយ។ មួយវិញទៀត លោកអាចរ្យ Hegbert មានបាតដៃត្រជាក់ស្រេបដូចទឹកកក និងស្បែកជ្រួញរបស់គាត់បង្ហាញនូវសសៃឈាមយ៉ាងរវីមរវាម ហើយសក់ស្កូវរបស់គាត់មានពណ៌សក្បុសដូចជារោមរបស់សត្វទន្សាយស ដែលគេតែងតែទិញយកទៅធ្វើម្ហូប។
រឿងល្ខោនរបស់លោកអាចារ្យ Hegbert មានឈ្មោះថា “ទេវតាឆ្នាំថ្មី” (The Christmas Angel) ។ គាត់បាននិពន្ធរឿងនេះឡើង ព្រោះគាត់មិនចង់យករឿងល្ខោនចាស់របស់លោក Charles Dickens ឈ្មោះ “A Christmas Carol” មកសម្តែងជាដដែលៗជារៀងរាល់ឆ្នាំនោះទេ។ ក្រៅពីការសរសេររឿងល្ខោន លោកអាចារ្យ Hegbert ក៍បានសរសេររៀបចំធម៌ទេសនាដោយខ្លួនគាត់ផ្ទាល់ដែរ ហើយក្នុងចំណោមធម៌ទេសនាទាំងនោះ មានធម៌ទេសនាខ្លះគួរឲ្យចាប់អារម្មណ៍ ជាពិសេសធម៌ទេសនាទាំងឡាយណាដែលនិយាយពីកំហឹងរបស់ព្រះចំពោះជន ទាំងឡាយណាដែលមានទំនាក់ទំនងផ្លូវភេទមុនពេលរៀបការ ឬទុំមុនស្រគាល (fornicator) ។ ហើយគាត់តែងតែតម្លើងសម្លេង និងតម្លើងសសៃកធំប៉ុនណាណី នៅពេលដែលគាត់ទេសនាពីរឿងទុំមុនស្រគាលនេះម្តងៗ ព្រោះប្រធានបទនេះគឺជាប្រធានបទដ៏សំខាន់បំផុតសម្រាប់គាត់។
កាលពីពួកយើងនៅក្មេងៗ នៅថ្ងៃមួយ នៅពេលដែលឃើញលោកអាចារ្យ Hegbert ដើរមក ពួកម៉ាកខ្ញុំ និងខ្ញុំ បានរត់ទៅពួននៅខាងក្រោយដើមឈើហើយបានស្រែកថា “អាចារ្យ Hegbert ទុំមុនស្រគាល” ហើយបន្ទាប់មក ពួកយើងបាននាំគ្នាសើចកាច់កកាច់ស្រង់ ដូចមនុស្សឆ្កួត គឺធ្វើហាក់ដូចជាពួកយើងជាមនុស្សដែលសម្បូររឿងសើចច្រើនជាង គេបំផុតនៅក្នុងលោកនេះ។
ហើយនៅពេលដែលលោកអាចារ្យ Hegbert បានឮពួកយើងហៅគាត់ដូច្នេះ គាត់បានឈប់ងក់នៅមួយកន្លែង ស្លឹកត្រចៀករបស់គាត់បានបះឡើងលើ (ខ្ញុំហ៊ានស្បថនៅចំពោះមុខព្រះថា ស្លឹកត្រចៀកគាត់ពិតជាបានបះឡើងលើមែន) និងបានប្រែទៅជាពណ៌ក្រហមមួយរំពេច ហាក់ដូចជាគាត់ទើបតែនឹងបានផឹកសាំងរួចហើយ សសៃករបស់គាត់ទាំងប៉ុន្មានបានឡើងប៉ោងធំនិងលេចចេញរវីមរវាម ប្រៀបបានទៅនឹងរូបទន្លេនៅលើផែនទីនៃព្រៃ Amazon ។ គាត់បានដើរចំហៀងខ្លួនពីដើមឈើមួយទៅដើមឈើមួយរកមើលពួកយើង មួយរំពេចនោះស្រាប់តែស្បែករបស់គាត់ប្រែទៅជាស្លាំងដូចធម្មតា វិញ គឺមានសណ្ឋានជាស្បែកត្រី ដែលជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ជាទីបំផុត។
ពួកយើងបានពួននៅពីក្រោយដើមឈើ តែលោកអាចារ្យ Hegbert គាត់មិនព្រមទៅណាទេ គឺគាត់ចង់រង់ចាំនៅទីនោះរហូតដល់ពួកយើងចេញមកបង្ហាញខ្លួនឲ្យ គាត់ចាប់ ព្រោះគាត់គិតថាពួកយើងជាកូនក្មេងគឺល្ងង់ដូច្នោះឯង។ ផ្ទុយទៅវិញ ពួកយើងបានយកដៃខ្ទប់មាត់សើច។ តែ គាត់ក៍បានដើររកពួកយើងនៅគ្រប់ជ្រុងទាំងអស់ ហើយមួយរំពេចនោះគាត់បានឈប់នឹងមួយកន្លែង ភ្នែកដ៏មូលក្រឡង់របស់គាត់ទាំងពីរបានសម្លឹងមករកយើងកាត់តាមមែក ឈើទាំងឡាយ គាត់បាននិយាយថា “អញដឹងថាអ្នកណាហើយ គឺ Landon Carter ហើយព្រះជាម្ចាស់ក៏ទ្រង់ជ្រាបដែរ។” គាត់បាននៅស្ងាត់ស្ងៀមមួយស្របក់ រួចក៏បានបន្តដំណើរទៅមុខទៀត។
នៅថ្ងៃដដែលនោះ នៅឯព្រះវិហារ លោកអាចារ្យ Hegbert បានទេសនាបណ្តើរ និងសម្លឹងមើលពួកយើងបណ្តើរ ព្រមទាំងបាននិយាយពាក្យពេច៍នមួយចំនួនដែលមានន័យថា “ព្រះជាម្ចាស់ទ្រង់មានក្តីសណ្តោសប្រោសប្រណីដល់កុមារទាំងពួង តែកុមារទាំងនោះត្រូវតែមានឬកពារសមរម្យទៅនឹងសេចក្តីសណ្តោស ប្រោសប្រណីរបស់ព្រះជាម្ចាស់។” នៅពេលឮដូច្នេះ ពួកយើងបានសម្រូតខ្លួនចុះទាបពីលើកៅអីដើម្បីលាក់ខ្លួន តែមិនមែនមកពីរអៀសខ្លួននោះទេ គឺដើម្បីលួចសើចជាថ្មីម្តងទៀត។ លោកអាចារ្យ Hegbert គាត់ពិតជាមិនអាចយល់ពីពួកយើងដែលជាក្មេងខុសគេនោះបានទេ ទោះបីជាគាត់មានកូនម្នាក់នឹងគេដែរក៏ដោយ ព្រោះកូនរបស់គាត់ជាកូនស្រី។ យើងនឹងដឹងពីរឿងនាងស្រីនោះនៅពេលក្រោយទៀត។
តែទោះជាយ៉ាងណាក៏ដោយ ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយថា គឺលោកអាចារ្យ Hegbert ដែលជាអ្នកនិពន្ធរឿងលោ្ខន “ទេវតាឆ្នាំថ្មី” (The Christmas Angel) សម្រាប់យកទៅសម្តែងនៅក្នុងរោងល្ខោន Beaufort Playhouse ជំនួសឲ្យរឿងល្ខោនចាស់មួយរឿងទៀតនោះ។ ហើយបើគ្មានគាត់ទេ រឿងល្ខោនចាស់ដដែលៗនោះ នឹងត្រូវយកទៅសម្តែងនៅក្នុងរោងល្ខោន Beaufort Playhouse ជារៀងរាល់ឆ្នាំ។ រឿងល្ខោនរបស់លោកអាចារ្យ Hegbert ល្អមើលគួរសម នៅពេលសម្តែងនៅឆ្នាំដំបូង អ្នកផងទាំងឡាយមានការចាប់អារម្មណ៍ជាខ្លាំង។ ដំណើររឿងគឺនិយាយអំពីបុរសម្នាក់ដែលបានបាត់បង់ប្រពន្ធរបស់ ខ្លួនតាំងពីប្រហែលជាពីរបីឆ្នាំមកហើយ។ បុរសនោះមានឈ្មោះថា Tom Thornton ធ្លាប់ជាមនុស្សកាន់ធម៌អាថ៌ដ៏ខ្ជាប់ខ្ជួនម្នាក់ ក៏ប៉ុន្តែ បន្ទាប់មក បុរសនោះលែងសូវជឿទៅលើធម៌អាថ៌ នៅពេលដែលប្រពន្ធរបស់គាត់បានស្លាប់នៅពេលសម្រាលកូន។ ហើយក្រោយមក បុរសនោះត្រូវទទួលរ៉ាប់រងចិញ្ចឹមបីបាច់ថែរក្សាកូនស្រីរបស់គាត់ តែម្នាក់ឯងគត់។ ក៏ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា គាត់ជាឪពុកដ៏ល្អផ្តាច់គេនៅក្នុងលោកនេះទេ ម៉្យាងទៀត គ្រាន់តែបំណងប្រាថ្នាដ៏តូចមួយរបស់កូនស្រីគាត់ ក៏គាត់មិនអាចបំពេញបានផង។ បំណងប្រាថ្នារបស់កូនស្រីគាត់ គឺចង់បានកូនប្រអប់ភ្លេងដ៏តូចមួយដែលមានរូបទេវតានៅលើនោះ សម្រាប់ជាអំណោយនៅពេលបុណ្យ Christmas ។ កូនស្រីគាត់ចង់បានរបស់នេះ ព្រោះនាងបានឃើញនិងកាត់យករូបប្រអប់នោះពីក្នុងសៀវភៅកាតាឡុកដ៏ ចាស់មួយ។ បុរសនោះបានដើររកទិញកូនប្រអប់ដែលកូនស្រីគាត់ចង់បាន នៅគ្រប់ទិសទីទាំងអស់ តែនៅតែរកមិនបានសោះ។ ហើយនៅមុនពេលបុណ្យ Christmas មួយថ្ងៃ បុរសនោះនៅតែព្យាយាមដើររកមើលទិញកូនប្រអប់នោះនៅគ្រប់ហាង ទាំងអស់។ តែគាប់ជួនពេលនោះ គាត់បានជួបនឹងស្រ្តីដ៏ចម្លែកម្នាក់ដែលគាត់មិនធ្លាប់ឃើញទាល់ តែសោះ។ ស្ត្រីនោះបានសន្យានឹងគាត់ថានឹងជួយដើររកទិញអំណោយសម្រាប់កូន ស្រីគាត់។ ហើយនៅពេលដើររកទិញអំណោយ ពួកគេទាំងពីរនាក់បានដាក់ទានដល់ជនអនាថា និងឈាងចូលមជ្ឍមណ្ឌលកុមារកំព្រាដើម្បីសួរសុខទុក្ខកុមារមួយចំនួននៅ ទីនោះ និងបានចូលសួរសុខទុក្ខស្រ្តីចំណាស់ម្នាក់ដែលនៅតែម្នាក់ឯង នៅមុនថ្ងៃបុណ្យ Christmas មួយថ្ងៃ (Christmas Eve) ។ នៅពេលនោះ ស្រ្តីចម្លែកក៏សួរទៅ Tom Thornton ថាតើគាត់ចង់បានអ្វីដែរសម្រាប់បុណ្យ Christmas, Tom Thornton ឆ្លើយថាគាត់ចង់ឲ្យប្រពន្ធរបស់គាត់រស់ឡើងវិញ។ ស្ត្រីចម្លែកនោះក៏នាំ Tom ទៅកាន់កន្លែងមានរូបចម្លាក់បាញ់ទឹក (fountain) នៅកណ្តាលទីក្រុង ហើយប្រាប់ Tom ឲ្យសម្លឹងមើលទៅក្នុងទឹកនោះ បើសិនជា Tom ចង់ឃើញអ្វីដែលគាត់ចង់បាន។ នៅពេលនោះ Tom ក៏សម្លឹងមើលទៅក្នុងទឹក គាត់បានឃើញមុខកូនស្រីគាត់នៅក្នុងទឹកនោះ គាត់ក៏ស្រែកទ្រហោយំ។ នៅពេលនោះ ស្រ្តីចម្លែកក៏រលាយបាត់ខ្លួនមិនដឹងជាទៅទីណា ទោះជា Tom ប្រឹងរកយ៉ាងណាក៏ដោយ។ Tom ត្រឡប់មកផ្ទះវិញ ដោយចងចាំនូវរឿងរ៉ាវទាំងឡាយដែលបានកើតមានឡើងជាមួយនឹងស្រ្តី ចម្លែកនោះ។ មកដល់ផ្ទះវិញ Tom ចូលទៅមើលកូនស្រីគាត់ដែលកំពុងតែគេងក្នុងបន្ទប់របស់នាង។ វង់ភ័ក្រដ៏ស្រស់ប្រឹមប្រិយរបស់នាង បានធ្វើឲ្យ Tom នឹកគិតទៅដល់ប្រពន្ធរបស់គាត់ ហើយគឺវង់ភ័ក្រដ៏ស្រស់ប្រឹមប្រិយនេះហើយដែលជាកេរ្តិ៍មរតកដែល ប្រពន្ធរបស់គាត់បានបន្សល់ទុកឲ្យ។ នឹកដល់រឿងនេះ Tom ក៏សម្រក់ទឹកភ្នែកម្តងទៀត ព្រោះគាត់គិតថា គាត់មិនបានបំពេញតួនាទីជាឪពុកដ៏ល្អចំពោះកូនស្រីគាត់ឡើយ ព្រោះសូម្បីតែកូនប្រអប់ដ៏តូចមួយ ក៏គាត់រកមិនបានផង។ ក៏ប៉ុន្តែ នៅពេលព្រឹកថ្ងៃបន្ទាប់មក Tom មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគាត់បានប្រទះឃើញកូនប្រអប់ភ្លេងដែលកូនស្រីគាត់ចង់បាននោះ ស្ថិតនៅក្រោមដើមស្រល់ Christmas ហើយរូបទេវតានៅលើប្រអប់នោះមានមុខមាត់ដូចបេះបិទទៅនឹងមុខមាត់ របស់ស្រ្តីចម្លែកដែលគាត់បានជួបកាលពីម្សិលមិញ។
សរុបសេចក្តីមក រឿងល្ខោនរបស់លោកអាចារ្យ Hegbert មិនអន់ប៉ុន្មានឡើយ ហើយនៅពេលសម្តែងម្តងៗ មានទស្សនិកជនជាច្រើនយំសម្រក់ទឹកភ្នែកនឹកអាណិតតួអង្គ។ ជារៀងរាល់ឆ្នាំ សំបុត្រចូលទស្សនាលក់ដាច់អស់មុនពេលកំណត់ (sold out) ។ មុនដំបូង រឿងល្ខោននេះត្រូវបានសម្តែងតែនៅក្នុងព្រះវិហារដ៏តូចមួយតែ ប៉ុណ្ណោះ តែដោយសារតែរឿងល្ខោននេះមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ដូចនេះលោកអាចារ្យ Hegbert ក៏សម្រេចចិត្តយកវាទៅសម្តែងនៅក្នុងរោងល្ខោន Beaufort Playhouse ព្រោះនៅទីនោះមានកៅអីច្រើនជាង។ នៅពេលនោះ ខ្ញុំជាសិស្សរៀននៅ វិទ្យាល័យថ្នាក់ធំជាងគេ (senior in high school) ហើយការជ្រើសរើសតួសម្តែង ត្រូវធ្វើឡើងពីរដងមុននឹងសម្រេចថាតើអ្នកណាខ្លះត្រូវសម្តែង តួនៅក្នុងរឿងល្ខោននោះ។
លោកអាចារ្យ Hegbert បានជ្រើសរើសយកតែក្មេងៗប៉ុណ្ណោះ ទៅសម្តែងរឿងល្ខោនរបស់គាត់ ពោលគឺពួកក្មេងធំៗរៀននៅវិទ្យាល័យ គឺគាត់គ្មានបំណងនឹងជ្រើសរើសយកអ្នកលេងល្ខោនមែនទែនឲ្យមក សម្តែងរឿងល្ខោនរបស់គាត់នោះទេ។ ខ្ញុំយល់ថាគាត់ធ្វើដូច្នេះ មកពីគាត់គិតថា ការសម្តែងរឿងល្ខោននេះ វាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ពួកក្មេងធំៗដែលនឹងត្រូវទៅ រៀននៅមហាវិទ្យាល័យ ហើយដែលនឹងត្រូវប្រឈមមុខនឹងពួកទុំមុនស្រគាល (fornicator) ដែលគ្មានធម៌អាថ៌ក្នុងខ្លួនជាច្រើនរូបទៀត។ គាត់ជាមនុស្សម្នាក់ដែលតែងតែចង់ជួយពួកយើងឲ្យជៀសវាងនូវការ ប្រព្រឹត្តអំពើបាបកម្ម គាត់ចង់ឲ្យពួកយើងយល់ថា ព្រះជាម្ចាស់តាមថែរក្សាយើងជានិច្ច ទោះជាយើងនៅទីណាក៏ដោយ ទោះជាយើងនៅឆ្ងាយពីផ្ទះយ៉ាងណាក៏ដោយ។ ហើយបើយើងជឿទុកចិត្តលើព្រះជាម្ចាស់ នៅទីបញ្ចប់ យើងនឹងបានរួចផុតពីគ្រប់ទុក្ខទោសគ្រប់បែបយ៉ាង។ ទាំងអស់នេះគឺជាមេរៀនជីវិតដែលខ្ញុំគួរតែត្រូវដឹងតាំងតែនៅ ពីតូចមកម្លេះ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកដែលបានបង្រៀនមេរៀនជីវិតទាំងនេះដល់ខ្ញុំ គឺមិនមែនលោកអចារ្យ Hegbert ទេ។
ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយថាស្រុក Beaufort មានលក្ខណៈដូចជាទីក្រុងផ្សេងៗទៀតស្ថិតនៅប៉ែកខាងកើត។ ដូច្នេះ ស្រុកនេះក៏មានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ដូចជាទីក្រុងទាំងនោះ ដែរ។ គឺថាមេចោរសមុទ្រឈ្មោះ Blackbeard ធ្លាប់មានផ្ទះមួយនៅក្នុងស្រុកនេះ ហើយសំពៅឈ្មោះ Queen Anne’s Revenge របស់មេចោរនោះ ក៏ត្រូវបានកប់នៅកន្លែងណាមួយនៅលើឆ្នេរសមុទ្រក្នុងស្រុកនេះ ដែរ។ ថ្មីៗនេះ មានពួកអ្នកសិក្សាខាងបុរាណវិទ្យាមួយចំនួន បាននិយាយថាគេបានរកឃើញសំពៅនោះហើយ តែគ្មានអ្នកណាម្នាក់ហ៊ានអះអាងថាជាការពិតប្រាកដ ១០០% នោះឡើយ។ ម៉្យាងទៀត សំពៅនោះត្រូវបានកប់ចោលតាំងពី ២៥០ ឆ្នាំមុនម្លេះ ដូចនេះគ្មានអ្នកណាម្នាក់អាចចូលទៅក្នុងឃ្លុបសំពៅនោះ ដើម្បីស្វែងរកភស្តុតាងពិតប្រាកដបានឡើយ។ មួយវិញទៀត ស្រុក Beaufort ត្រូវបានអភិវឌ្ឍនចាប់តាំងពីឆ្នាំ ១៩៥០ មកម្លេះ តែមកដល់ពេលនេះ Beaufort នៅតែមិនទាន់ក្លាយជាទីក្រុងដ៏ធំមួយនៅឡើយទេ។ ហើយជានិច្ចកាល Beaufort នៅតែស្ថិតនៅជាទីក្រុងដ៏តូចមួយជាដរាប។ នៅពេលដែលខ្ញុំធំឡើងនៅទីនោះ Beaufort គឺជាស្រុកដ៏តូចមួយ ដែលស្ទើរតែគ្មាននៅលើផែនទីផង។ ដើម្បីឲ្យកាន់តែច្បាស់ជាងនេះទៀតគឺថា តំបន់សភាដែលមានស្រុក Beaufort នៅក្នុងនោះ គឺស្ថិតនៅប៉ែកខាងកើតនៃរដ្ឋ North Carolina មានផ្ទៃដីប្រមាណជាម្ភៃពាន់ម៉ាលការេ និងនៅក្នុងទីក្រុងនីមួយ មានប្រជាពលរដ្ឋមិនលើសពីម្ភៃប្រាំពាន់នាក់ឡើយ។ បើប្រៀបធៀបនៅនឹងទីក្រុងផ្សេងៗទៀត Beaufort ត្រូវចាត់ទុកថាជាទីក្រុងដែលមានទំហំតូចជាងគេបំផុត។ ម៉្យាងទៀត ចាប់ពីប៉ែកខាងកើតនៃស្រុក Raleigh និងប៉ែកខាងជើងនៃស្រុក Wilmington រហូតមកដល់ព្រំប្រទល់នៃរដ្ឋ Virginia គឺជាដែនដីដែលមានឪពុកខ្ញុំជាតំណាងរាស្រ្តនៅទីនោះ។
ខ្ញុំគិតថា អស់លោកអ្នកប្រហែលជាធ្លាប់ស្គាល់គាត់ហើយមើលទៅ ព្រោះរហូតមកដល់សព្វថ្ងៃនេះ គាត់នៅតែមានកេរ្តិ៍ឈ្មោះល្បីល្បាញដដែល។ ឈ្មោះរបស់គាត់គឺ Worth Carter ហើយគាត់ធ្វើជាតំណាងរាស្ត្រជិត ៣០ ឆ្នាំហើយ។ នៅពេលបោះឆ្នោតម្តងៗ គាត់តែងតែសរសេរបដាដាក់ថា “Worth Carter តំណាងឲ្យប្រជាពលរដ្ឋ______” រូចហើយគឺជាប្រជាពលរដ្ឋនៅតាមស្រុកភូមិនិមួយៗ ដែលត្រូវសរសេរឈ្មោះស្រុកភូមិរបស់គេបំពេញក្នុងបដានោះ។ ខ្ញុំនៅចាំបានថា មានម្តងនោះ ម្តាយខ្ញុំ និងខ្ញុំបានបើកឡានទៅជួបជុំនិងនៅជាមួយនឹងគាត់ ដើម្បីបង្ហាញប្រជាពលរដ្ឋថា គាត់ជាមនុស្សដែលយកចិត្តទុកដាក់និងសឡាញ់ក្រុមគ្រួសារ។ នៅពេលនោះ ពួកយើងបានឃើញក្បាលឡានរបស់គាត់មានបិទផ្លាកជាច្រើនដែលមាន ឈ្មោះមួយចំនួននៅលើនោះ ដូចជា៖ Otway, Chocawinity និង Seven Springs ជាដើម។ សព្វថ្ងៃនេះ ការបិទផ្លាកនៅនឹងក្បាលឡានដូច្នេះ គឺជារឿងធម្មតាបំផុត គ្មានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ តែនៅសម័យនោះ ការធ្វើដូច្នោះ គឺជាការផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យមួយ។ ខ្ញុំគិតថា នៅពេលសព្វថ្ងៃនេះ បើសិនជាគាត់សាកល្បងបិទផ្លាកនៅនឹងក្បាលឡានដូចនៅពេលមុន ទៀតនោះ ក្រុមអ្នកប្រឆាំងនឹងគាត់ នឹងនាំគ្នាសរសេរនៅលើផ្លាកនោះនូវពាក្យអសុរសទាំងឡាយទៅតាមគំនិត របស់ពួកគេ។ ក៏ប៉ុន្តែនៅពេលនោះ ពួកអ្នកប្រឆាំងមិនបានធ្វើដូច្នោះឡើយ គឺមានតែម្នាក់ប៉ុណ្ណោះ គាត់គឺជាកសិករនៅស្រុក Duplin ហើយគាត់បានសរសេរពាក្យថា “អាចម៍” (shit) នៅលើផ្លាកនៅលើក្បាលឡានរបស់ឪពុកខ្ញុំ។ នៅពេលដែលម្តាយខ្ញុំបានឃើញពាក្យនោះ គាត់បានយកដៃមកបិទភ្នែកខ្ញុំ និងបានបន់សុំព្រះឲ្យអភ័យទោសដល់មនុស្សចំកួត (bastard) គ្មានដឹងអីនោះផង។ ម្តាយខ្ញុំមិនបានប្រាប់ខ្ញុំពីពាក្យនោះទេ តែខ្ញុំអាចសន្និដ្ឋានថាគឺជាពាក្យនោះឯង។
សរុបមក ឪពុករបស់ខ្ញុំដែលជាតំណាងរាស្ត្រនោះ គឺជាលោកធំម្នាក់ដែលមនុស្សគ្រប់រួបបានស្គាល់គ្រប់គ្នា រួមទាំងលោកតា Hegbert ផងដែរ។ ក៏ប៉ុន្តែ នៅពេលនោះ ឪពុកខ្ញុំ និងលោកអាចារ្យ Hegbert មិនសូវត្រូវគ្នាទេ ទោះបីជាឪពុកខ្ញុំទៅស្តាប់គាត់ទេសនា នៅរាល់លើកដែលឪពុកខ្ញុំមកលេងផ្ទះក៏ដោយ។ ហើយតាមការពិត ឪពុកខ្ញុំគាត់មិនសូវនៅផ្ទះប៉ុន្មានទេ។ ចំពោះលោកអាចារ្យ Hegbert ក្រៅពីគាត់ជឿថា ពួកទុំមុនស្រគាល (fornicator) នឹងចុះទៅលាងបង្គន់នៅស្ថាននរកនៅពេលស្លាប់ទៅ គាត់ក៏ជឿងផងដែរថា លទ្ធិ communism “គឺជារោគរាតត្បាតចង្រៃដែលតាមផ្តន្ទាមនុស្សលោកឲ្យក្លាយទៅជា ទមិឡអត់សាសនា” (heathenhood)។ ទោះជាពាក្យ heathenhood មិនមែនជាពាក្យដ៏ត្រឹមត្រូវសម្រាប់សម្គាល់លទ្ធិ communist យ៉ាងណាក៏ដោយ ក៏គ្រឹស្តបរិស័ទទាំងឡាយយល់ពីអ្វីដែលគាត់ចង់និយាយដែរ។ គ្រឹស្តបរិស័ទទាំងឡាយក៏យល់ផងដែរថា លោកអាចារ្យ Hegbert ពោលពាក្យទាំងអស់នោះ គឺចង់ឲ្យឪពុកខ្ញុំឮ តែឪពុកខ្ញុំគាត់តែងតែបិទភ្នែកនិងធ្វើហាក់ដូចជាមិនឮ នៅពេលដែលលោកអាចារ្យ Hegbert ពោលពាក្យពេចន៍ទាំងអស់នោះម្តងៗ។ គឺថា ឪពុករបស់ខ្ញុំធ្លាប់ធ្វើការនៅក្នុងគណៈកម្មការត្រួតពិនិត្យ “ឥទ្ធិពលក្រហម” (Red influence) ដែលអាចជ្រៀតចូលមកក្នុងប្រទេសតាមគ្រប់វិស័យទាំងអស់ មានដូចជា វិស័យការពារជាតិ វស័យឧត្តមសិក្សា ឬអាចជ្រៀតចូលតាមរយៈវិស័យកសិកម្មថ្នាំជក់ ក៏អាចថាបានដែរ។ អស់លោកអ្នកត្រូវតែចាំថា នៅពេលនោះគឺជាសង្រ្គាមត្រជាក់ ភាពតានតឹងបានកើតមានឡើងយ៉ាងស្រួចស្រាវបំផុត ហើយអ្នករស់នៅក្នុងរដ្ឋ North Carolina គ្រប់រូបចាំបាច់ត្រូវតែចូលរួមដោះស្រាយបញ្ហានោះ។ ចំពោះឪពុករបស់ខ្ញុំ គាត់បានវិភាគយ៉ាងម៉ត់ចត់ និងប្រកបដោយភាពសង្វាក់គ្នាបំផុតទៅលើបញ្ហានេះ គឺខុសពីការស្មានរបស់លោកអាចារ្យ Hegbert ។
ក្រោយមកទៀត នៅថ្ងៃមួយ នៅពេលដែលឪពុកខ្ញុំត្រឡប់ពីព្រះវិហារមកវិញ គាត់បានប្រាប់ខ្ញុំថា “ថ្ងៃនេះ លោកតេជគុណ (Reverend) Sullivan មានការក្តៅក្រហាយខ្លាំងណាស់។ អញយល់ថា ឯងប្រហែលជាធ្លាប់ឮពីធម៌ព្រះដែលនិយាយអំពីអ្នកក្រហើយមើលទៅ… ”
“បាទប៉ា ខ្ញុំពិតជាធ្លាប់ឮមែន…”
ឪពុករបស់ខ្ញុំគាត់ចូលចិត្តនិយាយទាញមករកល្អវិញនូវរឿងអាក្រក់ ទាំងឡាយណាដែលគាត់បានជួបប្រទះ។ ឧទាហរណ៍ ដូចជានៅពេលដែលគាត់បានជួបនឹងទារកម្នាក់ដែលមានក្បាលធំប៉ុនណាណី គាត់បែជានិយាយថា “វាជាក្មេងស្លូតណាស់” ទៅវិញ ហើយបើគាត់បានជួបនឹងទារិកាដែលកើតមកមានសម្លាកពេញមុខវិញ គាត់នឹងនិយាយថា “នាងគឺជាក្មេងស្រីគួរឲ្យស្រឡាញ់បំផុតនៅក្នុងលោកនេះ”។ មានម្តងនោះ មានស្រ្តីម្នាក់បាននាំកូនប្រុសគាត់មកជួបនឹងឪពុកខ្ញុំ កូនប្រុសរបស់គាត់គឺជាជនពិការដែលស្ថិតនៅក្នុងរទេះរុញមួយ។ នៅពេលដែលឪពុកខ្ញុំឃើញកុមារនោះ គាត់បាននិយាយថា “ខ្ញុំហ៊ានភ្នាល់ ១០០ ស៊ីតែមួយរៀលទេថា ឯងពិតជាក្មេងឆ្លាតជាងគេនៅក្នុងថ្នាក់រៀន”។ ហើយគឺពិតដូច្នេះមែន កុមារនោះពិតជាក្មេងឆ្លាតជាងគេនៅក្នុងថ្នាក់រៀនមែន។ ឪពុកខ្ញុំគាត់ពូកែណាស់ក្នុងរឿងអញ្ចឹងៗ គឺគាត់អាចកែឆ្នៃរឿងអាក្រក់មកល្អបានយ៉ាងលឿនជាទីបំផុត ឬក៏អាចរុញរឿងអាក្រក់ទាំងអស់នោះទម្លាក់ទឹកក៏បានដែរ បើសិនជាគាត់ចង់។ តែគាត់មិនមែនជាអាក្រក់ដល់ថ្នាក់នោះទេ ជាក់ស្តែងគាត់មិនដែលវាយខ្ញុំមួយរំពាត់ម្តងណាឡើយ។
ក៏ប៉ុន្តែ ឪពុករបស់ខ្ញុំមិនបាននៅក្បែខ្ញុំរហូតទេ នៅពេលដែលខ្ញុំធំឡើងនៅទីនោះ។ ខ្ញុំស្អប់មិនចង់យករឿងនេះមកនិយាយទេ ពីព្រោះសព្វថ្ងៃនេះមានជនមួយចំនួនបានយករឿងនេះមកធ្វើជាលេសថា ពួកគេជាក្លាយជាមនុស្សខូច ដោយសារតែគ្មានឪពុកម្តាយណានៅក្បែដើម្បីប្រៀនប្រដៅពួកគេ ឬក៏ឪពុកម្តាយរបស់ពួកគេមិនស្រឡាញ់ពួកគេដូចជាឪពុកម្តាយដទៃ ទៀត។ មានដូចពាក្យថា៖ “ខ្ញុំបានក្លាយខ្លួនទៅជាអ្នករាំស្រាត ដោយសារតែឪពុកម្តាយរបស់ខ្ញុំមិនបានស្រឡាញ់ខ្ញុំ…” ជាដើម។ ចំពោះរូបខ្ញុំវិញ ខ្ញុំមិនប្រើប្រាស់រឿងទាំងអស់នេះថាជាហេតុដែលបានធ្វើឲ្យខ្ញុំ ក្លាយទៅមនុស្សដូចសព្វថ្ងៃនេះទេ ខ្ញុំគ្រាន់តែលើករឿងនេះមកនិយាយដោយចាត់ទុកថាវាគ្រាន់តែជា ហេតុការណ៍មួយតែប៉ុណ្ណោះ។ ក្នុងរយៈពេល ៩ ខែក្នុងមួយឆ្នាំ ឪពុករបស់ខ្ញុំគាត់មិននៅផ្ទះទេ គឺគាត់ត្រូវទៅនៅរដ្ឋធានី Washington D.C ដែលមានចម្ងាយ ៣០០ ម៉ាលពីផ្ទះ។ ម្តាយរបស់ខ្ញុំគាត់មិនបានទៅនៅជាមួយនឹងឪពុករបស់ខ្ញុំនៅទីនោះ ទេ ពីព្រោះគាត់ទាំងពីរចង់ឲ្យខ្ញុំធំឡើងក្លាយទៅជាមនុស្សដូចពួក គាត់។
ផ្ទុយទៅវិញ ជីតារបស់ខ្ញុំធ្លាប់នាំឪពុកខ្ញុំដើរបរបាញ់សត្វ ដើរស្ទូចត្រី បង្រៀនឪពុកខ្ញុំឲ្យចេះលេងបាល់ និងតែងតែចូលរួមក្នុងពិធីបុណ្យកំណើតរបស់ឪពុកខ្ញុំជានិច្ចកាល។ ហើយគឺជារឿងតូចតាចទាំងអស់នេះហើយដែលជួយតម្រែតម្រង់ជីវិតវ័យ ជំទង់។ ចំពោះឪពុករបស់ខ្ញុំវិញ គាត់ជាមនុស្សចម្លែកណាស់ ខ្ញុំបានស្គាល់មិនសូវច្បាស់ទេ។ នៅពេលដែលខ្ញុំមានអាយុ ៥ ឆ្នាំ ខ្ញុំបានគិតថាគ្រប់ឪពុកទាំងអស់សុទ្ធតែត្រូវរស់នៅទី កន្លែងណាមួយផ្សេងដោយឡែក។ តែនៅថ្ងៃមួយ មានពួកម៉ាកជិតដិតរបស់ម្នាក់ឈ្មោះ Eric Hunter បានសួរខ្ញុំនៅក្នុងសាលាមតេយ្យថា តើអ្នកណាគេដែលបានចូលផ្ទះខ្ញុំនៅពេលយប់ម្សិលមិញ។ នៅពេលនោះខ្ញុំចាប់ផ្តើមដឹងថា អ្វីដែលខ្ញុំធ្លាប់គិតនោះ គឺមិនត្រូវទេ។
“គាត់ជាឪពុករបស់ខ្ញុំ” ខ្ញុំឆ្លើយយ៉ាងក្រអឺតក្រទម។
“អូ” Eric និយាយព្រមទាំងលូកដៃរាវរកមើលស្ករគ្រាប់សូកូឡា Milky Way នៅក្នុងប្រអប់ដាក់ម្ហូបអាហាររបស់ខ្ញុំ “ខ្ញុំអត់បានដឹងថា ឯងមានឪពុកម្នាក់នឹងគេដែរសោះ។”
ដូច្នេះ បានន័យថា ខ្ញុំបានធំពេញវ័យនៅក្រោមការចញ្ចឹមបីបាច់ថែរក្សារបស់ម្តាយខ្ញុំ ដែលជាស្រ្តីដ៏ល្អម្នាក់ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឲ្យគោរពស្រឡាញ់ ពោលគឺជាម្តាយម្នាក់ដែលជាក្តីស្រម័យចង់បានរបស់ជនគ្រប់រូប។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់មិនបាន ហើយក៏មិនអាចនឹងជះឥទ្ធិពលបុរសណាមួយមកលើខ្ញុំបានឡើយ។ ប្រការនេះរួមផ្សំនឹងការយល់ដឹងពីស្ថានភាពរបស់ឪពុកខ្ញុំកាន់តែ ច្បាស់ឡើងៗ បានធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សមានចិត្តមានៈ ថ្វីត្បិតតែខ្ញុំនៅក្មេងយ៉ាងណាក៏ដោយ។ តែមិនមែនមានន័យថា ខ្ញុំបានក្លាយខ្លួនទៅជាក្មេងពាលនោះទេ គឺថាខ្ញុំនិងមិត្តសម្លាញ់របស់ខ្ញុំមួយចំនួនទៀត អាចលួចចេញពីផ្ទះនៅពេលយប់ទៅលាងឡាននៅកន្លែងណាមួយ ឬក៏អាចទៅលួចស្ញោរសណ្តែកដីញ៉ាំនៅផ្តុំចេតិយនៅខាងក្រោយព្រះ វិហារ ដែលសុទ្ធសឹងជាសកម្មភាពដែលអាចធ្វើឲ្យចាស់ៗនៅទសវត្សរ៍ទី ៥០ ក្រវីក្បាលនិងខ្សឹបប្រាប់កូនៗរបស់គាត់ថា “ឯងមិនត្រូវធ្វើតាមអា Carter នោះទេ។ វានឹងចូលគុកក្នុងពេលឆាប់ៗនេះ។” តើអាចចាត់ទុកថាខ្ញុំជាក្មេងពាលបានដែរឬទេ បើខ្ញុំគ្រាន់តែទៅលួចស្ញោរសណ្តែកដីញ៉ាំនៅផ្តុំចេតិយតែ ប៉ុណ្ណឹង។
យ៉ាងណាមិញ ឪពុករបស់ខ្ញុំ និងលោកអាចារ្យ Hegbert មិនត្រូវគ្នាទេ ហើយក៏មិនមែនមកពីរឿងនយោបាយតែមួយមុខនោះដែរ។ ក៏ប៉ុន្តែ ឪពុកខ្ញុំ និងលោកអាចរ្យ Hegbert ហាក់ដូចជាស្គាល់គ្នាតាំងពីយូរយាណាស់មកហើយ។ លោកអាចារ្យ Hegbert មានអាយុចាស់ជាងឪពុកខ្ញុំ ប្រហែលជា ២០ ឆ្នាំ ហើយមុនពេលដែលគាត់បានបួសធ្វើជាអាចារ្យ គាត់ធ្លាប់ធ្វើការឲ្យជីតាខាងឪពុកខ្ញុំ។ ជីតារបស់ខ្ញុំ ទោះជាគាត់ជាមនុស្សដែលចេះស្រឡាញ់ចូនចៅយ៉ាងណាក៏ដោយ ក៏គាត់នៅតែជាមនុស្សដ៏ក្រឡិចក្រឡុចម្នាក់ដែលគ្មានអ្នកណាអាច ប្រៀបផ្ទឹមបានឡើយ។ ហើយគឺជាជីតារបស់ខ្ញុំដែលជាអ្នកបានធ្វើឲ្យគ្រួសារបស់ខ្ញុំ ក្លាយទៅជាគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងស្រុក នេះ។ តែសូមអស់លោកអ្នកកុំគិតថាគាត់ជាមនុស្សម្នាក់ដែលបានចំណាយអស់ កម្លាំងកាយចិត្តនៅក្នុងមុខរបររកស៊ីដ៏សុច្ចរិត និងព្យាយាមពង្រីកមុខរបរនោះឲ្យកាន់តែធំទៅៗឲ្យសោះ។ ជីតារបស់ខ្ញុំជាមនុស្សដែលធ្វើអ្វីលឿនជាងនេះ ហើយមធ្យោបាយរកប្រាក់របស់គាត់គឺសាមញ្ញបំផុត គឺគាត់បានលួចលក់គ្រឿងស្រវឹងដែលត្រូវបានហាមឃាត់ដោយច្បាប់ និយាយឲ្យចំ គឺគាត់បានលួចនាំចូលស្រា rum ពីប្រទេសគុយបាមកលក់នៅក្នុងស្រុកនេះ។ បន្ទាប់មកទៀត គឺគាត់ចាប់ផ្តើមទិញដីជាច្រើនកន្លែង និងជួលអ្នកធ្វើចំការឲ្យដាំដំណាំផ្សេងៗនៅលើដីនោះ។ គាត់បានដកយក ៩០% នៃប្រាក់បានមកពីការលក់ភោគផលថ្នាំជក់ដែលអ្នកចំការទាំងនោះបាន ដាំ ហើយបានចងការប្រាក់ឲ្យទៅអ្នកចំការទាំងនោះវិញ នៅពេលដែលពួកគេត្រូវការ ដោយយកការប្រាក់ខ្ពស់គួរឲ្យអស់សំណើច។ មួយវិញទៀត វាជាការពិតណាស់ដែលថា គាត់មិនសូវគិតគូរពីរឿងទារបា្រក់ដែលគេជំពាក់គាត់ប៉ុន្មានទេ គឺគាត់គិតគូរពីរឿងអូសយកដីឬទ្រព្យសម្បត្តិផ្សេងៗទៀតរបស់ អ្នកជំពាក់ប្រាក់គាត់ទាំងនោះវិញទេ។ ហើយបន្ទាប់មកទៀត នៅឱកាសមួយនោះ ដែលជាឱកាសមាសសម្រាប់គាត់ គាត់បានបើកធនាគារមួយមានឈ្មោះថា Carter Banking and Loan ។ នៅពេលជាមួយគ្នានេះដែរ ធនាគារមួយទៀតដែលអាចបម្រើសេវាឲ្យដល់ស្រុកពីរផ្សេងគ្នា ត្រូវបានគេលួចដុតយ៉ាងអាថ៌កំបាំងជាទីបំផុត ហើយដោយនៅពេលនោះគឺជាការចាប់ផ្តើមនៃមហាវិបត្តិសេដ្ឋកិច្ច (Depression) ដូចនេះ ធនាគារនោះគ្មានសមត្ថភាពនឹងសង់និងបើកឡើងវិញបានឡើយ។ ក៏ប៉ុន្តែ គេទាំងអស់គ្នាបានដឹងរឿងយ៉ាងច្បាស់ណាស់ តែគ្មានអ្នកណាហ៊ានហើបមាត់ឡើយ ព្រោះខ្លាចត្រូវគេសម្លាប់បំបិទមាត់។ តែសេចក្តីភ័យខ្លាចរបស់ពួកគេ គឺមានមូលហេតុត្រឹមត្រូវ ពីព្រោះមិនមែនមានតែធនាគារនោះមួយទេដែលត្រូវបានគេលួចដុតយ៉ាង អាថ៌កំបាំងនោះ។
ការប្រាក់របស់ជីតាខ្ញុំគឺខ្ពស់ហួសព្រំដែន ដូចនេះបន្តិចម្តងៗ គាត់ប្រមូលបានដីនិងទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ ដោយមកពីអ្នកខ្ចីប្រាក់គាត់គ្មានលុយសង។ ហើយនៅពេលដែលមហាវិបត្តិសេដ្ឋកិច្ច (Depression) ឡើងដល់កម្រិតខ្ពស់បំផុត ជីតាខ្ញុំបានរឹបអូសយកក្រុមហ៊ុនពាណិជ្ជកម្មបានជាច្រើនរាប់មិន អស់ នៅពាសពេញផ្ទៃប្រទេស។ តែគាត់បានរក្សាទុកម្ចាស់ក្រុមហ៊ុនឲ្យនៅបន្តការរកស៊ីដដែល ដោយទទួលប្រាក់បៀវត្សពីគាត់។ តែប្រាក់បៀវត្សនោះមិនជាច្រើនណាស់ណាទេ គឺត្រឹមតែអាចឲ្យអ្នកកាន់កាប់ក្រុមហ៊ុនទាំងនោះអាចទ្រទ្រង់ជីវភាព ប្រចាំថ្ងៃរបស់គេតែប៉ុណ្ណោះ។ ម៉្យាងទៀត ម្ចាស់ក្រុមហ៊ុនទាំងនោះមិនអាចទៅកន្លែងណាបានទៀតឡើយ ដូចនេះពួកគេគ្មានជម្រើសណាផ្សេងក្រៅពីធ្វើការឲ្យជីតាខ្ញុំទេ។ មួយវិញទៀត ជីតាខ្ញុំបានប្រាប់ទៅម្ចាស់ក្រុមហ៊ុនទាំងនោះថា គាត់នឹងប្រគល់ក្រុមហ៊ុនឲ្យទៅពួកគេវិញ នៅពេលណាដែលសេដ្ឋកិច្ចជាតិងើបឡើងវិញ ហើយពួកគេបានជឿទៅលើគាត់ទាំងស្រុង។ ផ្ទុយទៅវិញ ជីតា របស់ខ្ញុំគាត់មិនដែលគោរពពាក្យសន្យាម្តងណាឡើយ ដូចនេះនៅទីបញ្ចប់ សេដ្ឋកិច្ចជាតិមួយផ្នែកធំបានធ្លាក់មកក្នុងកណ្តាប់ដៃរបស់គាត់។ ហើយគាត់បានប្រើបា្រល់ឥទ្ធិពលរបស់គាត់យ៉ាងរំលោភបំពានបំផុត បើគាត់អាចធ្វើទៅបាន។
ខ្ញុំពេញចិត្តនឹងប្រាប់អស់លោកអ្នកថា គាត់វិះនឹងស្លាប់តៃហោងនៅពេលណាមួយនោះ តែមិនដឹងជាយ៉ាងម៉េចបានជាគាត់គេចរួចពីសេចក្តីស្លាប់ទៅវិញ នៅពេលនោះ។ នៅទីបញ្ចប់ គាត់បានស្លាប់ដោយចាស់ជរា នៅក្នុងទូកក្តោងមួយ នៅពេលកំពុងតែដេកជាមួយនឹងសាហាយរបស់គាត់ម្នាក់ នៅកោះ Cayman Islands ។
ត្រឡប់មករឿងរបស់យើងវិញម្តង… នៅពេលដែលលោកអាចារ្យ Hegbert បានដឹងពីភាពក្រឡិចក្រឡុចរបស់ជីតាខ្ញុំ គាត់ក៏លាលែងឈប់ធ្វើការឲ្យជីតារបស់ខ្ញុំតទៅទៀត។ ហើយបន្ទាប់មក គាត់ក៏បានចូលទៅរៀននៅសាលាធម៌ព្រះមួយ។ នៅពេលចេញពីសាលានោះមកវិញ គាត់ក៏សម្រេចចិត្តត្រឡប់មកបួសធ្វើជាអាចារ្យនៅក្នុងស្រុក Beaufort យើងនេះ ប្រចាំព្រះវិហារដែលគាត់ធ្លាប់បានទៅស្តាប់ធម៌ទេសនានៅរាល់ថ្ងៃ អាទិត្យ។ នៅឆ្នាំដំបូងៗ គាត់បានធ្វើការទេសនាពីរឿង ជនកំណាញ់ក្រៅតម្រាដែលនឹងត្រូវចុះទៅស្ថាននរកនៅពេលស្លាប់ទៅ។ ហើយនៅពេលនោះ គាត់មិនសូវជារវល់ប៉ុន្មានទេ ដូចនេះគាត់អាចមានពេលខ្លះនឹងធ្វើអ្វីៗផ្សេងទៀត។ គាត់បានរៀបការនៅអាយុ ៤៣ ឆ្នាំ និងបានកូនស្រីម្នាក់ឈ្មោះ Jamie Sullivan នៅពេលដែលគាត់មានអាយុ ៥៥ ឆ្នាំ។ ប្រពន្ធរបស់គាត់ដែលមានរាងស្តើងតូចចង្កេះមូយក្តាប់ និងមានអាយុក្មេងជាងគាត់ ២០ ឆ្នាំ បានរលូតកូនចំនួន ៦ ដង មុនកើតបាននាង Jamie ហើយបានស្លាប់នៅពេលកើតនាង Jamie នោះ។ ដូចនេះ លោកអាចារ្យ Hegbert ត្រូវចិញ្ចឹមបីបាច់ថែរក្សានាង Jamie តែម្នាក់ឯងរហូតមក។ គឺថាវាដូចគ្នាទៅនឹងរឿងល្ខោនរបស់គាត់បេះបិទ។
សរុបមក បានន័យថា អ្នកផងទាំងឡាយបានដឹងពីរឿងល្ខោនរបស់លោកអាចារ្យ Hegbert ជាមុនរួចជាស្រេចទៅហើយ មុនពេលរឿងល្ខោននោះត្រូវបានយកសម្តែងនៅលើឆាក ព្រោះគេធ្លាប់ឮលោកអាចារ្យ Hehbert ទេសនាពីរឿងនេះជារឿយៗនៅពេលធ្វើពីធីបុណ្យសាសនាផ្សេងៗ។ ដោយអ្នកណាក៏បានជ្រួតជ្រាបពីរឿងនេះដែរ ដូចនេះនៅពេលដែលរឿងល្ខោននោះត្រូវបានយកទៅសម្តែងនៅលើឆាក នៅពេលបុណ្យ Christmas អ្នកណាមួយក៏រំជួលចិត្តដែរ ព្រោះគេទាំងអស់គ្នាយល់ថាឆាកល្ខោននោះត្រូវបាននិពន្ធឡើងដោយយក តាមលំនាំរឿងជីវិតពិតៗ។
នាង Jamie Sullivan នៅឆ្នាំនោះ គឺជាសិស្សវិទ្យាល័យរៀននៅថ្នាក់ធំជាងគេដូចជារូបខ្ញុំដែរ។ តែនាងត្រូវបានជ្រើសរើសឲ្យសម្តែងធ្វើជាតួទេវតាឆ្នាំថ្មី ដែលជាតូពិសេស ហើយអ្នកណាក៏ចង់ធ្វើជាតួនោះដែរ។ ប្រការនេះបានធ្វើឲ្យរឿងល្ខោនកាន់តែមានលក្ខណៈពិសេសថែមមួយ កម្រិតទៀត។ ហើយវានឹងជារឿងល្ខោនដ៏អស្ចារ្យមួយ ឬក៏អាចជារឿងល្ខោនដ៏អស្ចារ្យលើសគេ បើតាមគំនិតរបស់អ្នកគ្រូ Garber ដែលជាគ្រូសិល្បៈនៅពេលនោះ។ នៅឆ្នាំនោះ អ្នកគ្រូ Garber បានលួចញញឹមតែម្នាក់ឯងទុកមុនរួចជាស្រេច ព្រោះគាត់បានគិតថារឿងល្ខោននោះនឹងល្បីល្បាញនៅពេលយកទោសម្តែង នៅលើឆាក។
នៅឆ្នាំនោះ ខ្ញុំគ្មានបំណងនឹងទៅហាត់សិល្បៈនឹងគេទេ តែបើខ្ញុំមិនយកម៉ោងនោះទៅហាត់សិល្បៈទេ ខ្ញុំត្រូវទៅរៀនគីមីភាគពីរ ដែលជាមុខវិជ្ជាដ៏គួរឲ្យធុញទ្រាន់ជាទីបំផុត បើប្រៀបធៀបទៅនឹងការហាត់សិល្បៈវិញនោះ។ ពីព្រោះនៅថ្នាក់សិល្បៈ គ្មានតុ គ្មានកៅអី គ្មានការប្រលងរញ៉េរញ៉ៃណាមួយឡើយ តែបើនៅថ្នាក់គីមីវិញ ខ្ញុំត្រូវទន្ទេញឲ្យចាំពី ប្រូតុង ណឺត្រុង ហើយត្រូវយកធាតុទាំងអស់នោះមកផ្សំគ្នាឲ្យស្របទៅតាមរូបមន្ត ផ្សេងៗ ដើម្បីបង្កើតអង្គធាតុថ្មីៗទៀត។ ដូចនេះ សម្រាប់សិស្សវិទ្យាល័យថ្នាក់ធំម្នាក់ តើត្រូវជ្រើសរើសយកមួយណា? វាប្រាកដហើយថា ខ្ញុំត្រូវចុះឈ្មោះហាត់សិល្បៈ ព្រោះខ្ញុំក៏បានគិតផងដែរថានឹងដេករហូតនៅម៉ោងសិល្បៈ ព្រោះនៅពេលនោះ ខ្ញុំចូលចិត្តលួចចេញទៅស្ងោរសណ្តែកដីញ៉ាំជាមួយនឹងពួកម៉ាក រហូតដល់យប់ជ្រៅបានចូលផ្ទះវិញ។
នៅក្នុងថ្នាក់ហាត់សិល្បៈ នៅថ្ងៃដំបូង ខ្ញុំបានមកដល់ក្រោយគេបំផុត គឺមកដល់ប្រហែលជាពីរឬបីវិនាទីមុនស្នូរជួងចូលរៀន។ ខ្ញុំក៏បានទៅអង្គុយនៅខាងក្រោយគេបំផុត។ អ្នកគ្រូ Garber ដែលបានបែរខ្នងទៅរកសិស្ស បានសរសេរឈ្មោះរបស់គាត់ជាអក្សរឆ្លាក់ធំៗនៅលើក្តារខៀន ធ្វើហាក់ដូចជាពួកយើងមិនដែលធ្លាប់ស្គាល់គាត់ដូច្នោះ។ តាមការពិត អ្នកណាក៏ស្គាល់គាត់ដែរ ហើយវាជាប្រការដែលមិនអាចទៅរួចទេដែលថាគ្មានអ្នកណាស្គាល់គាត់ នោះ។ គាត់មានមាឌធំខ្ពស់ ប្រហែលជាមួយម៉ែត្រកៅសិប (six feet two) សក់ពណ៌ក្រហមឆេះដូចរងើកភ្លើង ស្បែកសស្លាំង និងចេញអាចម៍រុយមួយៗ បង្ហាញថាគាត់មានវ័យខ្ទង់ ៤០ ឆ្នាំហើយ។ គាត់ក៏មានរាងធាត់ជ្រុលផងដែរ (ចង្កេះលេខ ៥០) តែគាត់ស្លៀកសំពត់រូប muumuu មានរូបផ្កាគួរឲ្យពេញចិត្ត។ គាត់ពាក់វែនតាដែលមានដៃធ្វើជាតិពីស្នែងខ្មៅក្រាស់ឃ្មឹក ហើយនៅពេលដែលគាត់ស្វាគមន៍ពួកយើងម្តងៗ គាត់ចូលចិត្តនិយាយថា “Helloooooo” ដោយច្រៀងបង្អូសសម្លេងស្រះ “o” នៅចុងក្រោយគេយ៉ាងវែង។ លើសពីនេះទៀត អ្នកគ្រូ Garber ជាក្រមុំសៅកែ ហើយប្រហែលជាគ្មានប្រុសណាស្រឡាញ់គាត់ទេមើលទៅ ទោះជាប្រុសនោះអាយុប៉ុន្មានក៏ដោយ។ នៅលើក្តារខៀន នៅ ជិតឈ្មោះរបស់គាត់ អ្នកគ្រូ Garber បានសរសេរអំពីគោលដៅមួយចំនួនដែលគាត់ចង់សម្រេចឲ្យបាននៅក្នុង ឆ្នាំនោះ។ “ជឿទុកចិត្តលើខ្លួនឯង” (Self-confidence) គឺជាទិសដៅទីមួយ បន្ទាប់មកទៀតគឺ “ស្គាល់ខ្លនឯង” (Self-awareness) និងទីបីគឺ “សម្រេចបំណងខ្លួនឯង” (Self-fulfillment) ។ អ្នកគ្រូ Garber គាត់ពូកែណាស់ជាមួយនឹងពាក្យថា “ខ្លួនឯង” នេះ (self) គឺគាត់ឈានមុខគេហើយ បើនិយាយពីរឿងវិជ្ជវិជ្ជាចិត្តសាស្ត្រវិញ (psychotherapy) ទោះជានៅពេលនោះ គាត់មិនបានចាប់អារម្មណ៍ពីរឿងនេះក៏ដោយ។ គាត់លើកយកគោលដៅទាំងបីនោះមកនិយាយ ប្រហែលជាវាមានការជាប់ទាក់ទងទៅនឹងរូបសម្ផស្សរបស់គាត់ ឬមួយក៏គាត់ចង់មានអារម្មណ៏ល្អជាមួយនឹងរូបរាងរបស់គាត់ក៏មិនដឹង ។
ក៏ប៉ុន្តែ ខ្ញុំសូមបែរអារម្មណ៏ទៅលើរឿងផ្សេងវិញ។
មិនយូរប៉ុន្មាន នៅពេលដែលថ្នាក់សិល្បៈចាប់ផ្តើមបើកហាត់ ខ្ញុំបានកត់សម្គាល់ថាមានរឿងខ្លះដូចជាមិនប្រក្រតី។ គឺថា ទោះបីជាវិទ្យាល័យ Beaufort មិនជាធំណាស់ណាក៏ដោយ ក៏កូនសិស្សនៅក្នុងថ្នាក់នីមួយៗត្រូវបានបែងចែក ប្រុសពាក់កណ្តាលនិងស្រ្តីពាក់កណ្តាល់ដែរ។ តែនៅពេលដែលខ្ញុំបានចូលដល់ក្នុងថ្នាក់សិល្បៈនោះភ្លាម ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញមានសិស្សស្រីយ៉ាងហោចណាស់ក៏ ៩០% ដែរ នៅក្នុងថ្នាក់នោះ។ ក្រៅពីខ្ញុំ មានតែសិស្សប្រុសម្នាក់ទៀតតែប៉ុណ្ណោះ តែខ្ញុំបែជាសប្បាយបន្តិចឡើងវិញ ព្រោះនឹកថាមានគ្នា។ ខ្ញុំរាងស្រឡាំងកាំងអស់មួយសន្ទុះ នៅពេលដែលសិស្សទាំងអស់សម្លឹងមើលមកខ្ញុំ និងនៅពេលដែលខ្ញុំងាកទៅណាក៏ឃើញសុទ្ធតែស្រី។
អ្នកគ្រូ Garber បានដកសៀវភៅរឿងល្ខោនចេញមក និងបានប្រាប់ពួកយើងទាំងអស់គ្នាថាឆ្នាំនោះ នាង Jamie Sullivan នឹងដើរតួធ្វើជាទេវតា។ និយាយហើយគាត់បានទាំងទះដៃទៀតផង។ តាមពិត គាត់ក៏ជាគ្រឹស្តបរិស័ទម្នាក់ដែរ។ គឺហេតុនេះហើយដែលបានធ្វើឲ្យមនុស្សជាច្រើនបានយល់ថា គាត់មានបំណងចង់ទាក់ទងលោកអាចារ្យ Hegbert ។ កាលខ្ញុំបានដឹងរឿងនេះជាលើកដំបូង ខ្ញុំបានគិតថា វាជាការល្អប្រសើរណាស់ដែលគាត់ទាំងពីរនាក់ចាស់ជ្រុល ព្រោះបើសិនជាគាត់ទាំងពីរនាក់នៅរួមរស់ជាមួយ ពួកគាត់នឹងគ្មានកូនទេ។ នៅពេលដែលរឿងរបស់អ្នកគ្រូ Garber និងលោកអាចារ្យ Hegbert ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយ ម្នាក់ៗដូចជាស្រងាកចិត្ត តែគ្មានអ្នកណានិយាយថាម៉េចទេ ជាពិសេសពេលនៅជិតអ្នកគ្រូ Garber និងលោកអាចារ្យ Hegbbert ។ ពាក្យចចាមអារាមគឺជារឿងមួយ តែពាក្យពាក្យចចាមអារាមដែលមានលក្ខណៈបំផ្លាញគឺជារឿងមួយទៀតខុស គ្នាស្រឡះ សូម្បីតែកូនសិស្សវិទ្យាល័យដូចជាពូកយើង ក៏ដឹងរឿងនេះយ៉ាងច្បាស់ដែរ។
អ្នកគ្រូ Garber នៅពេលនោះ នៅតែទះដៃតែម្នាក់ឯងមិនព្រមឈប់សោះ ឃើញដូចនេះ ពួកយើងក៏បានទះដៃតាមគាត់ដែរ ព្រោះពួកយើងយល់ថាគាត់ពិតជាចង់ឲ្យពួកយើងទះដៃតាមគាត់។ “ក្រោកឈរឡើង Jamie” គាត់បានប្រាប់ឲ្យ Jamie ក្រោកឈរ។ ដូចនេះ Jamie ក៏បានក្រោកឈរឡើង និងបង្វិលខ្លួនមួយជុំដើម្បីឲ្យសិស្សនៅក្នុងថា្នក់ទាំងអស់ឃើញ មុខនាង។ អ្នកគ្រូ Garber បានទះដៃកាន់តែខ្លាំងឡើង ធ្វើហាក់ដូចជាគាត់កំពុងតែឈរនៅមុខតួកុនដ៏ល្បីម្នាក់។
Jamie Sullivan គឺជានារីដ៏ល្អម្នាក់។ Beaufort គឺជាស្រុកដ៏តូចមួយដែលនៅទីនោះមានសាលាបឋមសិក្សាតែមួយ ប៉ុណ្ណោះ ដូចនេះ យើងទាំងអស់គ្នាបានរៀននៅថ្នាក់ជាមួយគ្នាស្ទើរតែពេញមួយជីវិត របស់យើងទៅហើយ។ ហើយបើខ្ញុំហ៊ាននិយាយថា ខ្ញុំមិនដែលនិយាយរកនាង Jamie សោះនៅពេលនោះ វាហាក់ដូចជាមិនពិតទេ។ មានម្តងនោះ នៅថ្នាក់ទី ២ នាង Jamie បានអង្គុយកៅអីនៅខាងស្តាំជាប់ខ្ញុំពេញមួយឆ្នាំ។ យើងបាននិយាយរកគ្នាម្តងម្កាល តែមិនមែនមានន័យថា ខ្ញុំដើរជាមួយនាងរហូតនោះទេ។ ខ្ញុំមើលឃើញនាង Jamie នៅក្នុងសាលាជាមនុស្សម្នាក់ផ្សេង និងនាង Jamie នៅខាងក្រៅសាលាជាមនុស្សម្នាក់ផ្សេងទៀត ហើយខ្ញុំក៏មិនដែលមានចិត្តចង់ទៅជប់លៀង ឬទៅលេងបុណ្យជាមួយនឹងនាង Jamie ម្តងណាឡើយ។
នេះមិនមែនមានន័យថា Jamie គ្មានសម្រស់គួរឲ្យទាក់ទាញចិត្តនោះទេ កុំយល់ច្រឡំឲ្យសោះ។ នាងគ្មានមុខអាក្រក់ដូចព្រាយអាប ឬក៏អាក្រក់ហូសហេតុនោះទេ។ ផ្ទុយទៅវិញ ជាកុសលល្អ នាងមានមុខមាត់ដូចម្តាយនាង ដែលខ្ញុំធ្លាប់បានឃើញនៅក្នុងរូបថត។ ម្តាយនាងមិនជាអាក្រក់ណាស់ណាទេ ទោះជាគាត់បានរៀបការជាមួយនឹងលោកអាចារ្យ Hegbert ដែលចាស់ជាងគាត់ ២០ ឆ្នាំក៏ដោយ។ តែសម្រាប់ខ្ញុំនៅពេលនោះ Jamie ហាក់ដូចជាគ្មានកន្លែងណាគួរឲ្យចាប់ចិត្តសោះ ទោះជានាងមានរាងស្តើងស្អាត មានសក់ពណ៌លឿងទឹកឃ្មុំ និងកែវភ្នែកដ៏ស្រទន់ពណ៌ខៀវស្រងាត់យ៉ាងណាក៏ដោយ ព្រោះភាគច្រើន មើលទៅនាងដូចជាសាបពេកគ្មានអ្វីបន្តិចសោះ (plain) គឺនៅពេលដែលយើងពិនិត្យមើលនាងឲ្យច្បាស់មែនទែនទៅ។ តែចំពោះ Jamie នាងមិនសូវខ្វល់ពីរូបរាងខាងក្រៅប៉ុន្មានទេ នាងគិតតែពីអ្វីដែលជា “សម្រស់ខាងក្នុង” (inner beauty) ហើយខ្ញុំយល់ថាគឺដោយសារគំនិតនេះហើយដែលបានធ្វើឲ្យនាងមាន រូបរាងដូច្នោះនោះ។ តាំងពីខ្ញុំធ្លាប់បានស្គាល់នាងមក (តាំងពីយូរយារណាស់មកហើយ) ខ្ញុំឃើញនាងតែងតែបួងសក់ទៅក្រោយដូចជាយាយជី និងមិនដែលលាបក្រែមម្សៅអ្វីទាំងអស់។ នាងចូលចិត្តពាក់អាវរងារចាក់ពណ៌ត្នោត និងសំពត់ក្រឡាការ៉ូ ដែលធ្វើឲ្យនាងមើលទៅដូចជាអ្នកត្រូវទៅសម្ភាសរកការងារធ្វើនៅ ក្នុងបណ្ណាល័យណាមួយ។ ពួកយើងធ្លាប់គិតថា នាងស្លៀកពាក់របៀបនេះដោយសារតែនាងនៅក្មេងនៅឡើយ ហើយប្រហែលជានាងនឹងផ្លាស់ប្តូរគំនិតនេះចេញ នៅពេលដែលនាងធំឡើង។ តែក្រោយមក នាងមិនបានផ្លាស់ប្តូរអ្វីទាំងអស់ ទោះជានាងបានទៅរៀននៅវិទ្យាល័យអស់រយៈពេលបីឆ្នាំហើយក៏ដោយ។ ហើយអ្វីដែលបានផ្លាស់នោះ គឺសម្លៀកបំពាក់របស់នាងកាន់តែមានលេខធំជាងមុន។
មិនមែនមានតែលក្ខណៈរូបរាងខាងក្រៅតែប៉ុណ្ណោះទេ ដែលបានធ្វើឲ្យនាង Jamie ជានារីខុសគេ ទង្វើរបស់នាងក៏បានធ្វើឲ្យអ្នកដទៃទៀតភ្ញាក់ផ្អើលដែរ។ គឺថា នាង Jamie មិនដែលចូលរង្គសាល ឬក៏ទៅជប់លៀងរាំរែកជាមួយនឹងនារីដទៃទៀតឡើយ ហើយខ្ញុំប្រាកដណាស់ថា នាងមិនធ្លាប់មានសង្សារម្តងណាឡើយ។ លោកតា Hegbert ប្រហែលជាគាំងបេះដូង បើសិនជានាង Jamie ធ្លាប់មានសង្សារ។ ហើយបើសិនជាមានហេតុដ៏ចម្លែកណាមួយដែលធ្វើឲ្យលោកតា Hegbert អនុញ្ញាតឲកូនស្រីគាត់មានសង្សារ ក៏រឿងនេះមិនអាចទៅរួចដែរ។ នាង Jamie កាន់សៀវភៅធម៌ (Bible) ជាប់នឹងដៃ និងនៅគ្រប់ទីកន្លែងទាំងអស់ ហើយបើរូបរាងរបស់នាង និង ឪពុករបស់នាងមិនបានធ្វើឲ្យកម្លោះៗដើរចេញឆ្ងាយទេ ក៏សៀវភៅធម៌នោះបានដេញកម្លោះទាំងនោះឲ្យចេញឆ្ងាយដែរ។ ខ្ញុំក៏ចូលចិត្តសៀវភៅធម៌ដូចជាក្មេងស្រករក្រោយដទៃទៀតដែរ តែបើប្រៀបធៀបទៅនឹងនាង Jamie វិញ ឃើញថាខុសគ្នាឆ្ងាយណាស់ ព្រោះនាងហាក់ដូចជាស្រឡាញ់ចូលចិត្តនិងកំសាន្តជាមួយនឹងសៀវភៅធម៌ នោះ ដោយក្តីសោមនស្សរីរាយក្រៃលែង។ លើសពីនេះទៀត មិនត្រឹមតែនាងតែងតែទៅចូលរួមនៅក្នុងការរៀនធម៌ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅខែសីហាតែប៉ុណ្ណោះទេ នាងថែមទាំងបានអានសៀវភៅធម៌នោះជារៀងរាល់ថ្ងៃ នៅសាលារៀន នៅពេលបាយថ្ងៃត្រង់។ តាមគំនិតរបស់ខ្ញុំ ខ្ញុំយល់ថាវាមិនមែនជារឿងធម្មតានោះទេ ទោះបីជានាងជាកូនអាចារ្យក៏ដោយ។ ម៉្យាងទៀត ការអានសៀវភៅធម៌មិនផ្តល់ការសប្បាយដូចជាការញ៉ែគ្នានោះទេ (flirting) អស់លោកអ្នកគូរតែយល់ពីអ្វីដែលខ្ញុំចង់និយាយហើយ។
ជាងនេះទៅទៀត ហើយប្រហែលជាមកពីសៀវភៅធម៌ ឬមកពីឥទ្ធិពលរបស់លោកអាចារ្យ Hegbert បានជានាង Jamie ជឿថា ការជួយអ្នកដទៃគឺជារឿងសំខាន់ណាស់ ហើយការជួយអ្នកដទៃគឺជារឿងដែលនាងបានធ្វើយ៉ាងជាក់ស្តែង។ គឺថា នាងបានស្ម័គ្រចិត្តទៅធ្វើការនៅមជ្ឍមណ្ឌលកុមារកំព្រានៅឯទីក្រុង Morehead City និងតែងតែចូលរួមនៅក្នុងការដើររៃអង្គាសប្រាក់សម្រាប់ជួយដល់ អ្នកក្រនិងអ្នកខ្វះខាតទាំងឡាយ។ ខ្ញុំនៅចាំបានថា កាលពីនាងមានអាយុ ១៤ ឆ្នាំ នាងបានចំណាយពេលវិស្សមកាលរដូវក្តៅរបស់នាងមកជួយលាបថ្នាំផ្ទះ ឲ្យមនុស្សចាស់ជរាមួយគ្រួសារដែលជាអ្នកជិតខាងរបស់នាង។ ចំពោះ Jamie អ្វីក៏នាងហ៊ានធ្វើដែរ ឲ្យតែនាងយល់ថាទង្វើរបស់នាងមានហេតុផលជួយអ្នកដទៃ ដូចជាទៅឃាត់រថយន្តឲ្យឈប់នៅកណ្តាលផ្លូវដើម្បីឲ្យកុមារដើរឆ្លង កាត់នៅពេលចេញពីសាលារៀន បរិច្ចាគប្រាក់ខែរបស់នាងដើម្បីទិញបាល់ basket ឲ្យកុមារកំព្រា ឬក៏ចូលលុយធ្វើបុណ្យនៅព្រះវិហារជាដើម។ល។ និយាយរួម Jamie គឺជានារីម្នាក់ដែលបានធ្វើឲ្យអ្នកដទៃមើលមកពួកខ្ញុំឃើញអាក្រក់ ហើយនៅពេលដែលខ្ញុំបានជួបនឹងនាងនៅតាមផ្លូវម្តងៗ ខ្ញុំតែងតែមានអារម្មណ៍ថាបានធ្វើអ្វីមួយខុស ទោះជាខ្ញុំមិនបានប្រព្រឹត្តអ្វីខុសឆ្គងក៏ដោយ។
នាង Jamie មិនត្រឹមតែបានធ្វើអំពើល្អជាមួយនឹងមនុស្សប៉ុណ្ណោះទេ នាងក៏បានប្រព្រឹត្តអំពើល្អរាប់មិនអស់ជាមួយនឹងសត្វផងដែរ។ ជាក់ស្តែង នៅពេលដែលនាងបានជួបប្រទះនឹងសត្វត្រូវរបួសម្តងៗ នាងតែងតែជួយសង្រ្គោះសត្វទាំងនោះជាដរាប មិនថាសត្វណាជាសត្វណាទេ មានដូចជា ឆ្កែ ឆ្មា កំប្រុក កង្កែប ហ៊ីង គង្កក់ ជាដើម។ លោកគ្រូពេទ្យសត្វឈ្មោះ Rawling អាចចំណាំនាង Jamie តាំងចម្ងាយមកម្លេះ ហើយគាត់តែងតែគ្រវីក្បាលតតាត់ នៅពេលឃើញនាង Jamie ក្រពៀកកែសក្រដាសដែលមានសត្វផ្សេងៗនៅក្នុងនោះមកម្តងៗ។ គាត់តែងតែដោះវែនតាជូតនឹងកូនកន្សែងរបស់គាត់ នៅពេលស្តាប់នាង Jamie ពន្យល់ពីហេតុផលទាំងឡាយដែលបានធ្វើឲ្យនាងជួបនឹងសត្វទាំងនោះ និងរឿងរ៉ាវដែលបានកើតមានឡើងដល់សត្វទាំងនោះ។ “វាត្រូវឡានបុក លោកគ្រូពេទ្យ។ ខ្ញុំគិតថាគឺជាផែនការរបស់ព្រះដែលបានធ្វើឲ្យខ្ញុំទៅជួបនិង ជួយសង្ក្រោះវា។ តើលោកគ្រូពេទ្យសុខចិត្តជួយខ្ញុំដែរឬអត់?”
ជាមួយនឹងនាង Jamie អ្វីៗសុទ្ធតែជាផែនការរបស់ព្រះទាំងអស់។ ហើយ នាងតែងតែនិយាយពីផែនការរបស់ព្រះជានិច្ច នៅពេលណាយើងនិយាយជាមួយនឹងនាង ទោះជាប្រធានបទនោះជាអ្វីក៏ដោយ។ ហេតុដូចម្តេចបានជាមានភ្លៀងធ្លាក់នៅពេលលេងកីឡា? គឺជាផែនការរបស់ព្រះដើម្បីកុំឲ្យមានរឿងអាក្រក់ជាងនេះកើតឡើង។ ហេតុដូចម្តេចបានជាគ្មានអ្នកណាម្នាក់អាចធ្វើលំហាត់ត្រីកោណមាត្រ នោះបាន? គឺជាផែនការរបស់ព្រះដែលចង់ឲ្យយើងស្គាល់ពីការលំបាក។ ដូចនេះ អស់លោកអ្នកអាចយល់បានខ្លះៗហើយថានាង Jamie ជាមនុស្សប្រភេទណានោះ។
មួយវិញទៀត ស្ថានភាពរបស់លោកអាចារ្យ Hegbert បានធ្វើឲ្យជីវិតរបស់នាង Jamie កាន់តែស្មុគស្មាញឡើង។ ព្រោះថា នាងជាកូនរបស់អាចារ្យម្នាក់ ដូចនេះនាងមិនអាចធ្វើអ្វីៗបានតាមទំនើងចិត្តនោះទេ។ ក៏ប៉ុន្តែសម្រាប់នាង Jamie វិញ នាងពេញចិត្តនឹងជីវិតរបៀបនេះណាស់ ហើយនាងតែងតែគិតថាគឺជាផលបុណ្យល្អទៅវិញទេដែលនាងមានឪពុក ជាអាចារ្យម្នាក់នោះ។ “គឺជាផលបុណ្យល្អរបស់ខ្ញុំ ដែលមានឪពុកម្នាក់ដូចជាឪពុករបស់ខ្ញុំសព្វថ្ងៃនេះ។” នៅពេលណាដែលពួកយើងឮនាងនិយាយដូច្នេះ ពួកយើងមិនដឹងធ្វើអ្វីក្រៅពីនាំគ្នាគ្រវីក្បាលនិងចង់ដឹងថា តើនាងមកពីភពណាដែរ។
ក្រៅពីរឿងរ៉ាវទាំងប៉ុន្មានដែលធ្វើឲ្យយើងគ្រប់គ្នាពិបាកនឹងយល់ នៅមានរឿងមួយទៀតដែលបានធ្វើឲ្យខ្ញុំស្ទើរឆ្កួត គឺថានាងមានចិត្តត្រជាក់ជានិច្ច ទោះបីជាមានរឿងអ្វីកើតឡើងនៅជុំវិញខ្លួននាងក៏ដោយ។ ខ្ញុំហ៊ានស្បថថា នាងម្នាក់នោះមិនដែលបាននិយាយអាក្រក់ពីអ្វី ឬពីអ្នកណាម្នាក់ឡើយ សូម្បីតែអ្នកទាំងអស់នោះមិនបានធ្វើល្អជាមួយនាងយ៉ាងណាក៏ដោយ។ នាងតែងតែដើរច្រៀងតែម្នាក់ឯងនៅតាមផ្លូវ និងញញឹមដាក់អ្នកផងទាំងពួងដែលបើកឡាននៅជិតនាង។ ជួនកាល មានស្ត្រីមួយចំនួនរត់ចេញពីផ្ទះមករកនាង នៅពេលឃើញនាងដើរមក ដើម្បីយកនំចំណីខ្លះៗដែលពួកគេបានធ្វើមកឲ្យនាងញ៉ាំ ឬក៍យកទឹកលាយក្រូចឆ្នារ (lemonade) មកឲ្យនាងញ៉ាំ នៅពេលមេឃក្តៅខ្លាំង។ គឺហាក់ដូចជាចាស់ៗពេញមួយស្រុកនេះស្រឡាញ់នាងគ្រប់ៗគ្នា។ ហើយនៅពេលដែលពួកគេរលឹកពីឈ្មោះរបស់នាង ពួកគេតែងនិយាយថា “នាងជាក្មេងស្រីគ្រប់លក្ខណ៍ម្នាក់។” “ពិភពលោកនឹងប្រសើរជាងនេះ បើសិនជាមានមនុស្សច្រើននាក់ទៀតដូចនាង Jamie ។”
ក៏ប៉ុន្តែចំពោះខ្ញុំ និងពួកម៉ាករបស់ខ្ញុំ ពួកយើងមិនបានគិតដូច្នោះទេ។ តាមយោបល់របស់ពួកយើងគឺថា មាននាង Jamie Sullivan ម្នាក់គឺគ្រប់គ្រាន់ណាស់ទៅហើយ ពួកយើងមិនចង់ឲ្យមានមនុស្សដូចនាងច្រើននាក់ទៀតទេ។
ខ្ញុំបានគិតទៅរឿងទាំងអស់នោះ នៅពេលដែលនាង Jamie បានឈរនៅខាងមុខពួកយើងរាល់គ្នា នៅថ្ងៃដំបូង នៅក្នុងថា្នក់ហាត់សិល្បៈ។ ហើយខ្ញុំហ៊ានសារភាពថា ខ្ញុំដូចជាគ្មានចិត្តចង់មើលនាងបន្តិចណាឡើយ។ ក៏ប៉ុន្តែ ចម្លែកណាស់ នៅពេលដែលនាងបានងាកមុខមករកពួកយើង ខ្ញុំភ្ញាក់ព្រើតដូចជាបានអង្គុយលើខ្សែភ្លើងដាច់ ឬអង្គុយលើអ្វីផ្សេងទៀត។ នាងបានស្លៀកសំពត់ពណ៌លាតមានពណ៌ត្នោត ពាក់អាវដៃខ្លីពណ៌ស និងអាវរងារចាក់ពណ៌ត្នោត ដែលខ្ញុំធា្លប់ឃើញរាប់លានដងរួចមកហើយ តែអ្វីដែលប្លែកនោះគឺថា នៅលើដើមទ្រូងរបស់នាង ឃើញមានប៉ោងពីរកន្លែង ដែលទោះជាអាវរងារក៏មិនអាចបិទបាំងបានឡើយ ខ្ញុំហ៊ានស្បថថា កាលពីបីខែមុនគឺគ្មានរឿងបែបនេះទេ។ នាងមិនធ្លាប់បានលាបក្រែមម្សៅម្តងណាឡើយ ហើយនៅពេលនោះ ក៏នាងមិនបានលាបក្រែមម្សៅដែរ តែនៅពេលនោះ នាងមានសម្បុររាងខ្មៅស្រអែមបន្តិច ដោយសារតែនាងបានដើរហាលថ្ងៃទៅរៀនធម៌នៅឯសាលាធម៌ព្រះ ហើយនេះគឺជាលើកទីមួយហើយ ដែលមើលនាងទៅឃើញទ្រង់ស្អាតបន្តិច។ វាជាការពិតហើយថា ខ្ញុំបានជម្រះគំនិតនេះចោលភ្លាមមួយរំពេច តែនៅពេលដែលនាងងាកមើលជុំវិញខ្លួន នាងបានសម្លឹងមករកខ្ញុំ និងញញឹមដាក់ខ្ញុំ ព្រោះនាងពិតជាសប្បាយចិត្ត នៅពេលឃើញខ្ញុំមកហាត់សិល្បៈនឹងគេដែរនោះ។ តែនៅពេលក្រោយមក ខ្ញុំបានដឺងថា នាងបានញញឹមដាក់ខ្ញុំនៅពេលនោះ គឺមានមូលហេតុផ្សេងទៅវិញទេ។