ការសិក្សាភាសាបរទេស ពិតជាពេញនិយមយ៉ាងខ្លាំងមិនថាតែនៅប្រទេសកម្ពុជា
ឬក៏បណ្តា ប្រទេសនៅជុំវិញពិភពលោក។ ទាំងក្មេងទាំងចាស់
នាំគ្នាសង្វាតទៅសិក្សាភាសាទីពីរ ឬទីបី ណា ដែលខ្លួនគិតថាចាំបាច់
ដើម្បីឲ្យទាន់សម័យកាល និងសម្របតាមតម្រូវការសង្គម។ ការរៀនភាសា
ក៏ដូចជារៀនមុខវិជ្ជាផ្សេងៗទៀតផងដែរ គឺទាមទារឲ្យយើងខំប្រឹងយកចិត្តទុកដាក់
និងអនុវត្តឲ្យ បានច្រើន។ ថ្ងៃនេះ
«គំនិត»សូមលើកយកវិធីមួយចំនួនដើម្បីចែករំលែកជូនប្រិយមិត្តទាក់ទង
នឹងវិធីសាស្ត្រនៃការសិក្សាភាសាបរទេសឲ្យឆាប់ចេះអាចប្រើប្រាស់បានដូចខាងក្រោម៖
គោលបំណង
ការរៀនភាសា គឺដូចជាការធ្វើកិច្ចការផ្សេងៗអញ្ចឹង
អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់។ ប្រសិនបើអ្នកគ្មានគោលដៅទេ
ហើយរៀនគ្រាន់ដើម្បីតែរៀន ឬមួយក៏រៀនតាមតែមិត្តភ័កិ្តនោះ
លទ្ធផលចុងក្រោយពិតជាមិនបានសមប្រកបឡើយ។ អ្នកត្រូវសួរខ្លួនឯងថា
តើអ្នករៀន ភាសា មួយនេះដើម្បីអ្វី? ដើម្បីបន្តការសិក្សានៅប្រទេសនោះ?
ដើម្បីមុខជំនួញ? ដើម្បីរាប់អាន មិត្តភ័ក្តិដែលនិយាយភាសានោះ? ដើម្បី…?
នៅពេលដែលអ្នកមានគោលដៅហើយ និងដឹងអំពី អត្ថប្រយោជន៍បន្ទាប់ពីចេះភាសានោះហើយ
ការសិក្សារបស់អ្នកនឹងបោះជំហ៊ានទៅមុខយ៉ាង លឿន ។
មិនត្រូវអៀនខ្មាស់
បញ្ហាដ៏ធំបំផុតដែលមនុស្សជាច្រើនបានជួបប្រទះនោះគឺភាពអៀនខ្មាស់ក្នុង
ការនិយាយភាសាដែល គេកំពុងតែរៀន។
ពួកគេតែងតែភ័យព្រួយថាពួកគេមិនអាចនិយាយ និងប្រកបពាក្យបានល្អ
ហើយអាចធ្វើឲ្យមិត្តភ័ក្តិរបស់គេសើចចំអក។ នេះគឺជាកំហុសមួយដ៏ធំ
ហើយអ្នកត្រូវតែចៀសឲ្យឆ្ងាយពីកំហុសមួយនេះ។
ដើម្បីរៀនភាសាមួយឲ្យបានល្អ និងឆាប់ចេះនោះ
អ្នកត្រូវតែអនុវត្តឲ្យបានច្រើន។
ដូច្នេះអ្នកមិនត្រូវឲ្យភាពអៀនខ្មាស់មករារាំងអ្វីដែលអ្នកចង់បាននោះទេ។
ព្យាយាមហាត់និយាយឲ្យបានច្រើន ជាមួយនឹងមិត្តភ័ក្តិ ឬក៏ជនជាតិដើម
ទោះបីជាអ្នកមានកំហុសច្រើន យ៉ាងណាក៏ដោយ។
ប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដែលអ្នកមាន
មិនមែនមានតែក្នុងសាលា
ឬក៏ក្នុងថ្នាក់ប៉ុណ្ណោះទេដែលអ្នកអាចរៀនភាសាបរទេសបាន ។
ប្រើ ប្រាស់គ្រប់មធ្យោបាយ
និងធនធានដែលអ្នកមានអាចធ្វើឲ្យអ្នករៀនភាសាបរទេសចេះបាន ឆាប់រហ័ស ។
ឧទាហរណ៍ដូចជាអ្នកអាចបង្កើនសមត្ថភាពភាសារបស់អ្នកតាមប្រព័ន្ធអ៊ិនធឺណិត។
វាគឺជាកន្លែងដ៏ប្រសើរមួយ
ដែលមានឯកសារជាច្រើនស្ទើរតែរាប់មិនអស់សម្រាប់ឲ្យអ្នកបង្កើន សមត្ថភាព
ភាសារបស់អ្នក។
អ្វីៗជុំវិញខ្លួនគឺសុទ្ធតែទាក់ទងនឹងភាសាដែលអ្នកកំពុងរៀន
ដើម្បីឲ្យកាន់តែឆាប់ចេះ និងអាចប្រើប្រាស់បាន
មធ្យោបាយដ៏ល្អនោះគឺធ្វើឲ្យអ្វីៗជុំវិញ ខ្លួនអ្នក ពោរពេញទៅដោយ
ភាសាដែលអ្នកកំពុងតែរៀន។ ឧទាហរណ៍ដូចជា
ព្យាយាមកត់ត្រាអ្វីៗជា ភាសាដែលអ្នកកំពុងតែរៀន ដាក់សៀវភៅ
ភាសានោះនៅជុំវិញបន្ទប់របស់អ្នក ស្តាប់ការផ្សាយវិទ្យុ ព័ត៌មាន
និងមើលភាពយន្តជាដើម។ល។
ស្តាប់ចម្រៀង
ការស្តាប់ចម្រៀងជាភាសាដែលអ្នកកំពុងតែរៀន គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាពបំផុត
ដើម្បី រៀនភាសានោះឲ្យបានល្អ។ ជាក់ស្តែងពេលខ្លះ
ចម្រៀងត្រូវបានគេយកមកធ្វើជាមធ្យោបាយដើម្បីបង្កើនការយល់ដឹងភាសាទៀតផង ។ ព្យាយាមអាននូវពាក្យបពេចន៍នៅក្នុងបទចម្រៀង ដែលអ្នកបានជ្រើស
ហើយធ្វើការអានឬច្រៀងតាម។ តាមវិធីនេះ អ្នកនឹងអាច បង្កើនសមត្ថភាព ស្តាប់
និងអានក្នុងពេលជាមួយគ្នាដោយមិនមានការធុញទ្រាន់។
មនុស្សភាគច្រើនតែងតែចាំនូវ ពាក្យពេចន៍ចម្រៀងលឿនជាងអត្ថបទធម្មតា
ហើយអ្នកក៏ប្រហែលជាដូច្នេះផងដែរ។
ដាក់កាលវិភាគសិក្សាឲ្យបានទៀងទាត់ និងធ្វើលំហាត់
អ្នកត្រូវតែកំណត់ពេលវេលាសិក្សាឲ្យបានទៀតទាត់
និងប្រសើបំផុតនោះគឺធ្វើការសិក្សា
និងរំលឹកមេរៀនឲ្យបានជារៀងរាល់ថ្ងៃ។ សំខាន់បំផុតនោះ
គឺអ្នកត្រូវតែរៀនអំពីវេយ្យាករណ៍ និងពាក្យ
ព្រមទាំងអនុវត្តលំហាត់ឲ្យបានច្រើនទើបអ្នកអាចបង្កើន
សមត្ថភាពភាសារបស់អ្នកបានយ៉ាងពិតប្រាកដ ។ មានមនុស្សជាច្រើនតែងគិតថាការធ្វើលំហាត់ និងធ្វើតេស្តពិតជាគួរឲ្យធុញទ្រាន់ ណាស់។
ប៉ុន្តែអ្នកត្រូវចាំថា ប្រសិនបើអ្នកមិនធ្វើវាទេអ្នកនឹងមិនដឹងថាសមត្ថភាពភាសា របស់អ្នក មានការរីកចម្រើនឬក៏អត់នោះទេ។
ការធ្វើតេស្តនិងលំហាត់គឺជាវិធីមួយសម្រាប់ឲ្យអ្នកធ្វើការ ប្រៀបធៀប សមត្ថភាពរបស់អ្នកពីមុន
ពេលបច្ចុប្បន្ននិងអនាគត ថាតើអ្នកបានរីកចម្រើន កម្រិតណាហើយ។
អានឲ្យបានច្រើន
ការអានឲ្យបានច្រើនពិតជាមានសារៈសំខាន់ខ្លាំងណាស់
ដើម្បីរៀនភាសាមួយឲ្យបានឆាប់រហ័ស។ ការធ្វើដូចនេះ
អ្នកនឹងឆាប់ចេះពាក្យច្រើនក្នុងរយៈពេលដ៏ខ្លី ។ ប៉ុន្តែអ្នកមិនត្រូវចាប់ផ្តើម អាន អត្ថបទណាដែលសម្បូរទៅដោយពាក្យថ្មីៗ
និងលំបាកៗនោះទេ។ អ្នកគួរតែជ្រើសរើសយកអត្ថបទ
ឬសៀវភៅរឿងណាដែលសក្តិសមនឹងកម្រិតរបស់អ្នក ។
ជំហ៊ានដំបូងអ្នកគួរជ្រើសរើសនូវអត្ថបទបែបកំប្លែង និងស្នេហាសម្រាប់អាន
ព្រោះថា អត្ថបទទាំងនេះនឹងមិនធ្វើឲ្យអ្នកធុញទ្រាន់ឡើយ។
នៅពេលដែលអ្នកចេះពាក្យច្រើនគួរសមហើយ
អ្នកអាចជ្រើសរើសប្រភេទអត្ថបទផ្សេងៗទៀតដើម្បីបង្កើនសមត្ថភាពភាសា
ឲ្យបានកាន់តែទូលំទូលាយ។
គំនិត
